​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ចៅក្រម​នៅ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កក្កដា​បាន​ច្រាន​ចោល​ការជំទាស់​បឋម​របស់​មី​យ៉ាន់​ម៉ា​ចំពោះ​សំណុំរឿង​ដែល​​ចោទប្រកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ថា​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

​ការសម្រេចចិត្ត​បង្កើត​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ឡើង​គឺ​បានកំណត់​ដំណាក់កាល​សម្រាប់​សវនាកា​រ ដែល​នឹង​បង្ហាញ​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​​ក្រុម​សិទ្ធិ​មនុស្ស​និង​ការស៊ើបអង្កេត​របស់​អ​.​ស​.​ប​និយាយថា រំលោភ​លើ​អនុសញ្ញា​ប្រល័យពូជសាសន៍​ឆ្នាំ ១៩៤៨ ។ កាលពី​ខែ​មីនា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយថា ការគាបសង្កត់​យ៉ាង​ឃោរឃៅ​លើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​ស្មើ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​។​

​លោក ទុន ឃី​ន (Tun Khin) ប្រធាន​អង្គការ​«​ភូមា​រ៉ូ​ហ៊ីង​យ៉ា​ចក្រភព​អង់គ្លេស​»​បាន​ស្វាគមន៍​ការសម្រេចចិត្ត​នេះ ដោយ​និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៦០០.០០០ នាក់​”​នៅតែ​ប្រឈម​​មុខ​នឹង​ការ​ប្រល័យពូជសាសន៍​” ខណៈ “​ប្រជាជន​មួយ​លាន​នាក់​ស្ថិតនៅ​ក្នុង​ជំរំ​បង់​ក្លា​ដែស​កំពុង​រង់ចាំ​ក្តីសង្ឃឹម​សម្រាប់​យុត្តិធម៌​”​។​

​ប្រទេស​ហ្គាំ​ប៊ីនៅ​អាហ្វ្រិ​កបាន​ប្តឹង​ករណីនេះ​ក្នុង​ឆ្នាំ ២០១៩ ចំ​ពេល​មាន​កំហឹង​ជា​អន្តរជាតិ​ចំពោះ​ការប្រព្រឹត្ត​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្រោយពី​ពួកគេ​រាប់សែន​នាក់​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេសជិតខាង​​បង់​ក្លា​ដែស ចំ​ពេល​មាន​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​ដោយ​កងកម្លាំង​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ ២០១៧​។ ហ្គាំ​ប៊ី​បាន​អះអាង​ថា ហ្គាំ​ប៊ី​និង​មី​យ៉ាន់​ម៉ា​គឺជា​ភាគី​នៃ​អនុសញ្ញា​ឆ្នាំ ១៩៤៨​និង​ថា​ប្រទេស​ហត្ថលេខី​ទាំងអស់​​មាន​កាតព្វកិច្ច​ដើម្បី​ធានាថា អនុសញ្ញា​នេះ​ត្រូវបាន​អនុវត្ត​។​

​ចៅក្រម​នៅ​តុលាការ​បាន​យល់ស្រប​។​

​ដោយ​អាន​សេចក្តី​សង្ខេបនៃ​សេចក្តីសម្រេច​នេះ ប្រធាន​តុលាការ លោក ចូ​នី ដ​-​ណ​-​គ្យូ (Joan E. Donoghue) ជនជាតិ​អាម៉េរិក បាន​និយាយថា​”​រដ្ឋ​ភាគី​ណាមួយ​នៃ​អនុសញ្ញា​ប្រល័យពូជសាសន៍​​អាច​ទាមទារ​ការទទួលខុសត្រូវ​របស់​រដ្ឋ​ភាគី​ផ្សេងទៀត រួម​ទាំង​តាមរយៈ​ស្ថាប័ន​យុត្តិធម៌​ណា​មួយ​នៅ​មុន​តុលាការ​អន្តរជាតិ​”៕

គ្រួសារ​រ៉ូ​ហ៊ីង​យ៉ា​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ចូលដល់​ព្រំដែន​បង់​ក្លា​ដែស នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧