​ដោយៈ តាកែវ / តាកែវ​៖ ឆ្លងកាត់​ការប្រកួត យ៉ាង​ស្វិតស្វាញ អស់​រយៈពេល​ជិត មួយ​សប្តាហ៍ កន្លងមក ចាប់ពី​ថ្ងៃទី​១៨ មកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ បាន​រកឃើញ​ម្ចាស់​ជ័យលាភី ទាំង ៣ ប្រភេទ​កីឡា​ហើយ រួមមាន​កីឡាបាល់ទាត់​បុរស កីឡាបាល់ទះ​បុរស និង​កីឡា​ប៉េតង់ ប៊ូល ៣​ទល់​៣ បុរស​-​នារី ។​

​ថ្លែង​ក្នុងឱកាស​បិទ​ការប្រកួត កីឡា​មហាជន​ជម្រើស​ជើងឯក ទូទាំង​ខេត្ត នា​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក ឡោ វី​រិ​ទ្ធ បាន​ជំរុញ​និង​លើកទឹកចិត្ត ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួលបាន​ជ័យលាភី ត្រូវតែ​បន្ត​ហ្វឹកហាត់​បន្ថែមទៀត ទៅលើ​បច្ចេកទេស នៃ​ការលេង​កីឡា​នីមួយៗ ព្រោះ​នាពេល​បច្ចុប្បន្ននេះ សកម្មភាព​កីឡា កំពុងមាន​ការគាំទ្រ​ច្រើន ពី​សំណាក់​មហាជន នៅ​ទូទាំងប្រទេស និង​កំពុង​មានតម្លៃ​ផងដែរ ខណៈដែល​ប្រទេស​កម្ពុជា​របស់​យើង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខនេះ​។ ដូច្នេះ​ដើម្បី​ជា​កិត្តិយស​នៃ​ខេត្ត​របស់​យើង កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវតែ​ខិតខំ​ឱ្យអស់ ពី​សមត្ថភាព ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​អាចមាន​ឱកាស ចូលរួម​បង្ហាញខ្លួន នៅលើ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នាពេលខាងមុខ ។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ម្ចាស់​ជ័យលាភី លើ​ការប្រកួត​កីឡា​មហាជន ជម្រើស​ជើងឯក ទូទាំង​ខេត្តតាកែវ ឆ្នាំ​២០២១-២០២២ នេះ វិញ្ញាសា​កីឡាបាល់ទាត់​បុរស លេខ​១ បាន​ទៅលើ​ក្រុមបាល់ទាត់ កងរាជអាវុធហត្ថ​ខេត្ត លេខ​២ ក្រុមបាល់ទាត់​មន្ទីរ​ផែនការ និង​លេខ​៣ បាន​ទៅលើ​ក្រុមកីឡា​បាល់ទាត់ របស់​ស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ​។​

​ចំពោះ​វិញ្ញាសារ​កីឡាបាល់ទះ លេខ ១ បាន​ទៅលើ​ក្រុម​បាល់ទះ ស្នងការដ្ឋាន​នគ​បាល ខេត្តតាកែវ លេខ​២ បាន​ទៅលើ​ក្រុម​បាល់ទះ សាលាក្រុង​ដូន​កែវ លេខ ៣ បាន​ទៅលើ ក្រុម​បាល់ទះ ស្រុក​បូរី​ជលសារ​។​

​ចំណែក​វិញ្ញាសា​ប៉េតង់​ប៊ូល លេខ​១ បាន​ទៅលើ​មន្ទីរ​សិប្បកម្ម​ខេត្ត លេខ​២ បាន​ទៅលើ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​លេខ​៣ បាន​ទៅលើ​សាលាស្រុក​កោះអណ្តែត ៕/V