​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្លុក​អាហ្វ្រិក​ខាងកើត​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កក្កដា​ថា មនុស្ស​ជាង ៥០​លាន​នាក់​នៅ​ទូទាំង​តំបន់​អាហ្វ្រិក​ខាងកើត​ត្រូវ​គេ​រំពឹងថា​នឹង​ប្រឈមមុខ​នឹង​​អសន្តិសុខ​ស្បៀង​យ៉ាងធ្ងន់ធ្ងរ​នៅ​ឆ្នាំនេះ ដោយ​បាន​ព្រមាន​ថា​មនុស្ស​ប្រហែល ៣០០.០០០​នាក់​នៅក្នុង​ប្រទេស​សូ​ម៉ាលី​និង​ស៊ូដង់​ខាងត្បូង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ស្ថិតនៅក្រោម​ស្ថានភាព​ទុរ្ភិក្ស​ពេញ​​ទំហឹង​។​

​ការវាយតម្លៃ​ដោយ​អាជ្ញាធរ​អន្តររដ្ឋាភិបាល​លើ​ការអភិវឌ្ឍ ឬ IGAD គឺជា​រឿង​បន្ទាន់​បំផុត ខណៈ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នានា អង្គការ​មនុស្សធម៌​និង​អង្គការ​ផ្សេង​ទៀត​បន្ត​បង្កើន​អាសន្ន​​វិបត្តិ​ស្បៀងអាហារ​ក្នុង​តំបន់ ដែល​មនុស្ស​ភាគច្រើន​និយាយ​ថា​ត្រូវបាន​គេ​ព្រងើយកន្តើយ ខណៈ​សហគមន៍​អន្តរជាតិ​ផ្តោត​តែ​លើ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ការវាយតម្លៃ​នេះ​គឺ​អនុវត្ត​ចំពោះ​រដ្ឋ​សមាជិក​ចំនួន​ប្រាំពីរ​នៃ IGAD រាប់​ចាប់ពី​ជី​ប៊ូ​ទី​រហូត​ដល់​អ៊ូ​ហ្គង់​ដា​។​

​លោកស្រី សា​ម៉ាន​ថា ផៅ​វើ (Samantha Power)​អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​កំពុងធ្វើដំណើរ​ក្នុង​ទ្វីបអាហ្វ្រិក​ខាងកើត​ដើម្បី​មើល​ផ្ទាល់​នូវ​វិបត្តិ​អត់ឃ្លាន​​នៅក្នុង​តំបន់​។​

​នៅក្នុង​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី​របស់កេន​យ៉ា​កាលពី​ថ្ងៃ​សុក្រ លោកស្រី​ផៅ​វើ​បានប្រកាស​ជំនួយ​មនុស្សធម៌​និង​ការអភិវឌ្ឍ​ទាក់ទង​នឹង​គ្រោះ​រាំងស្ងួត​ចំនួន ២៥៥ លាន​ដុល្លារ​ដល់​កេន​យ៉ា​។ លោកស្រី​ត្រូវគេ​រំពឹងថា​នឹង​ទៅ​ប្រទេស​អេត្យូ​ពី​និង​សូ​ម៉ាលី កន្លែង​ដែល​សហគមន៍​មួយចំនួន​បាន​រង​គ្រោះ​រាំងស្ងួត​ក្នុង​រដូវវស្សា​បួន​រដូវ​ជាប់ៗ​គ្នា​។​

​លោកស្រី​ផៅ​វើកាល​ពី​ដើម​សប្តាហ៍​បាន​និយាយ​អំពី​តម្រូវការ​ដើម្បី​ទប់ស្កាត់​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​កុំ​ឱ្យ​ក្លាយជា​គ្រោះមហន្តរាយ ដោយ​ប្រកាស​ផ្តល់​មូលនិធិ​ចំនួន ១,២ ពាន់​លាន​ដុល្លារ​ដែល​រួមមាន​​ជំនួយ​ស្បៀងអាហារ​ភ្លាមៗ​សម្រាប់​ប្រជាជន​នៅ​អេត្យូ​ពី សូ​ម៉ាលី និង​កេន​យ៉ា​៕