ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២២ កក្កដា ម្សិលម៉ិញនេះ ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ AFF U18 WOMEN’S CHAMPIONSHIP 2022 ក្រុមបាល់ទាត់នារីកម្ពុជា ចាញ់ក្រុមថៃ ០ទល់៤។
ការប្រកួតដែលធ្វើឡើង នៅកីឡាដ្ឋានកីឡដ្ឋាន GELORA SRIWIJAYA នៃប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា ក្រុមកម្ពុជា នៅមានសមត្ថភាព ក្រោមក្រុមថៃច្រើន ដោយសារតែក្រុមកម្ពុជា គឺជាក្រុមដែលទើបតែបង្កើតថ្មី និងមានបទពិសោធន៍ប្រកួត ជាលក្ខណៈអន្តរជាតិ នៅមានកម្រិត ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការផ្ដល់នូវគំនិត ប្លែកៗ ពីសំណាក់អ្នកដែលបានទស្សនា ។ ខ្លះសរសេរថា កុំអាលបាក់ទឹកចិត្ត ព្រោះនេះ ទើបជាការប្រកួតលើកទី១ ប៉ុណ្ណោះ ។ ខ្លះបែរជាចំអកថា ចាញ់មិនខ្វល់ឡើយ ព្រោះគ្រាន់តែ និយាយថា នេះជាបទពិសោធន៍ វាចប់រឿងហើយ ។
ខ្លះនិយាយលើកទឹកចិត្តថា ក្រុមនារីកម្ពុជា មាឌតូចៗ ជាងក្រុមថៃ ។ តែក៏មានខ្លះ បាននិយាយថា បាល់ទាត់នារីថៃ គេលេងមុនយើងច្រើនឆ្នាំ ឲ្យតែមានការខិតខំប្រឹងប្រែង មិនយូរទេ យើងនឹងខ្លាំងដូចគេដែរហើយ។
កម្ពុជានៅសល់ ៣ ប្រកួតទៀត គឺនៅថ្ងៃទី២៤ កក្កដា ប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅថ្ងៃទី២៨ កក្កដា ប្រកួតជាមួយវៀតណាម និងនៅថ្ងៃទី៣០ កក្កដា ប្រកួតជាមួយសឹង្ហបូរី ៕/V