ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពិការភាព តែងតែធ្វើឲ្យមនុស្ស អស់សង្ឃឹម នៅក្នុងជីវិតរបស់ខ្លួន តែបើគេចេះច្នៃ ឬមានអ្នកលើកទឹកចិត្ត ជួយជំរុញនោះ ភាពពិការ វាលែងជារឿង ដែលសោកសៅ សម្រាប់ជីវិតទៀតហើយ ។
ករណីកីឡាករជនពិការ យ៉យ កុសល មានសេចក្តីសង្ឃឹម ក្នុងជីវិត បន្ទាប់ពីបានចូលប្រឡូក ក្នុងអាជីពកីឡាវាយកូនឃ្លីលើតុ និងបានចេញទៅប្រកួត លើឆាកអន្តរជាតិ ជាច្រើនលើក។
កីឡាកររូបនេះ បានលេងកីឡាវាយកូនឃ្លីលើតុ នៅពេលអាយុប្រហែលជា ២០ ឆ្នាំ ដោយសារតែសេចក្តីស្រឡាញ់ និងចង់ឲ្យខ្លួនរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។
រយៈពេលប្រមាណ ៥ ឆ្នាំកន្លងទៅនេះ កីឡា បានផ្តល់ឲ្យរូបគេ មានសុខភាពល្អ រាងកាយរឹងមាំ និងសប្បាយចិត្ត បើប្រៀបធៀបនឹងពេល ដែលខ្លួនមិនទាន់បានចូលកីឡា។
កីឡាកររូបនេះ បាននិយាយថាៈ ” កីឡាផ្តល់ឲ្យជីវិតខ្ញុំ ល្អប្រសើរច្រើន។ ទី១ រូបគេមាន សុខភាពល្អរឹងមាំ ជាងកាលមិនទាន់ចូលកីឡា។ ទី២ ខ្ញុំអាចទទួលបានប្រាក់ចំណូលខ្លះ សម្រាប់ចិញ្ចឹមជីវិត ព្រោះយើងជាជនពិការ ពិបាករកការងារណាស់។ ទី៣ កីឡាបានធ្វើ ឲ្យខ្ញុំ បាត់ធុញថប់។ ធ្វើឲ្យខ្ញុំមិនសូវពិបាកចិត្តច្រើនដូចមុន ។ ពេលក្លាយជាកីឡាករ ជម្រើសជាតិ មានប្រយោជន៍ដល់សង្គម ធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយក៏មានមោទនភាព ខ្លួនឯងជាខ្លាំង ” ។
ក្រោយពីបានជាប់ជាកីឡាករជម្រើសជាតិ យ៉យ កុសល ទទួលបានឱកាសចេញទៅប្រកួត នៅក្រៅប្រទេស ក្នុងព្រឹត្តិការន៍កីឡាធំៗ ជាច្រើន ដែលមិននឹកស្មានថា ខ្លួនមានឱកាស បែបនេះឡើយ។ គេធ្លាប់បានចេញទៅប្រកួតក្នុងកីឡាយុវជនពិការអាស៊ី (Asian Youth Para Games) នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧។ នៅពេលនោះ រូបគេទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជន។ ឆ្នាំ២០១៧ ដដែល រូបគេបានទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) នៅប្រទេសម៉ាឡេស៊ី និង ឆ្នាំ២០១៨ បានចូលរួមប្រកួត កីឡាជនពិការអាស៊ី (Asian Para Games) នៅប្រទេសឥណ្ឌូណេស៊ី។
មុនពេលមានជីវិតរីករាយ និងមោទនភាពចំពោះខ្លួនឯង យ៉យ កុសល ក៏ជួបនឹងបញ្ហាលំបាក ជាច្រើនដែលធ្វើឲ្យរូបគេ ស្ទើរតែបោះបង់ចោលអាជីពកីឡា ម្តងម្កាលទៅហើយ។
កីឡាកររូបនេះ បាននិយាយថាៈ ” ពេលហាត់ខ្លាំងមែនទែន ពិបាកណាស់ ឈឺចាប់ ពេញខ្លួន។ យើងពិការអីចឹង ពេលហាត់ខ្លាំង ឈឺចាប់ខ្លាំង ហើយត្រូវការសម្រាកយូរ។ ដល់ពេលចូលហាត់វិញ ត្រូវការពេលយូរទៀត។ តស៊ូណាស់ ពីមុន អត់ទាន់មានប្រាក់ ចំណូលផង ធ្វើឲ្យគេទ្រាំលែងចង់បាន និងបាក់ទឹកចិត្តម្ដងៗ ចង់បោះបង់ចោល ” ។
ដោយមានការជំរុញ និងលើកទឹកចិត្តពីឪពុកម្តាយ ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើឲ្យរូបគេ តស៊ូជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីបន្តអាជីព កីឡា រហូតដល់សព្វថ្ងៃ ដែលផ្តល់ឲ្យខ្លួន កាន់តែពេញចិត្តខ្លាំងឡើង។
ឥឡូវនេះ ដល់ពេលកីឡាករ យ៉យ កុសល តំណាងជម្រើសជាតិចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។ រូបគេត្រូវប្រកួតពីរ វិញ្ញាសា គឺឯកត្តជន និងវាយគូបុរស។
សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២២នេះ យ៉យ កុសល បានប្រាប់ថា ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី និង ថៃ មានកម្រិតសមត្ថភាពខ្ពស់ជាងគេ សម្រាប់កីឡាវាយ កូនឃ្លីលើតុ ពីព្រោះប្រទេសទាំងពីរនេះ តែងតែទទួលបានមេដាយមាសច្រើន។ ចំណែកប្រទេសផ្សេង មិនលើសខ្វះគ្នាប៉ុន្មានឡើយ។ តាមកម្រិតសមត្ថភាពរបស់យើង សព្វថ្ងៃនេះ គឺមិនចាញ់គេប៉ុន្មានទេ។ យើងអាចទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។ វិញ្ញាសាដែលសង្ឃឹមច្រើន គឺវាយគូបុរស ពីព្រោះយើងហ្វឹក ហាត់ សហការគ្នាបានល្អ៕/V