ដោយ៖ដេប៉ូ / ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយធ្វើសេចក្តីណែនាំមួយ ឱ្យដល់ប្រតិបត្តិករ ទូរសព្ទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់សេវា ឱ្យអតិថិជនខ្ចីលុយ បន្តទៀត ដើម្បីជៀសវាងកុំឱ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ការចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍នេះ ធ្វើឡើង ក្រោយពីពេលដែល មានវីដេអូមួយ ដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “យាយគុំ ទឹកឆា” និងបានចែកចាយពេញបណ្តាញសង្គម អំពីអ៊ំស្រីម្នាក់ បានសម្តែងការខឹង សម្បារ យ៉ាងខ្លាំងនឹងក្រុមហ៊ុនស្មាត អាស្សាតា ដែលបានកាត់លុយ ដោយមិនដឹងមូលហេតុ នៅពេលគាត់បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទរបស់គាត់។
បើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា បន្ទាប់ពីឃើញករណីនេះ អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយ និយ័តករទូគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចុះទៅសិក្សាស្វែងយល់ ដើម្បីពិនិត្យ និងដោះស្រាយករណីនេះភ្លាមៗ។
ក្រោយពីបានពិនិត្យ និងសាកសួរលោកស្រី កុល សុខគុំ ដែលជាអ្នកជួបបញ្ហានេះផ្ទាល់ បានរកឃើញថា ការកាត់ទឹកប្រាក់របស់គាត់ គឺបណ្តាលមកពីលេខទូរសព្ទនេះ នៅជំពាក់លុយដែលបានខ្ចី នៅពេលដែលទូរសព្ទ មិនអាចហៅចេញ ហើយនៅពេលដែល បញ្ចូលទឹកប្រាក់ឡើងវិញ ក្រុមហ៊ុន ក៏បានកាត់លុយនោះ សងត្រឡប់វិញភ្លាមៗ។
លោកស្រី ក៏បានបញ្ជាក់ថាៈ ពុំបានដឹងអំពីការខ្ចីនោះឡើយ ដែលជាមូលហេតុ ធ្វើឱ្យរូបគាត់ខឹងសម្បារ អំពីការកាត់លុយ ដោយគ្មានមូលហេតុ។
ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាៈ ” ក្នុងន័យនេះ ដើម្បីការពារកុំឱ្យមានករណីខ្ចីលុយ ដោយសាមីខ្លួនមិនបានដឹង និយ័តករទូគមនាគមន៍ កម្ពុជា បានណែនាំឱ្យប្រតិបត្តិករទូរសព្ទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់សេវាខ្ចីលុយ ជូនអតិថិជនបន្តទៀត ដើម្បីជៀសវាងកុំឱ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារ ផលប្រយោជន៍របស់អ្នកប្រើប្រាស់”។
ក្រសួង បានបន្តឱ្យដឹងថាៈ កន្លងមក ក្រសួងប្រៃសណីយ៍ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចការពារសិទ្ធិអ្នកប្រើប្រាស់ ជាពិសេសបញ្ហាកាត់ទឹកប្រាក់ទូរសព្ទ ពីប្រតិបត្តិករ ដោយពុំដឹងមូលហេតុ ឬការតភ្ជាប់សេវាផ្សេងៗ ដោយមិនបានដឹងជាដើម ដោយបានដាក់ ឱ្យអនុវត្តលេខកូដរួម *1200# ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចផ្តាច់គម្រោង ដែលមិនចាំបាច់។
សាធារណជន អាចទស្សនាវីដេអូ ពន្យល់ពីវិធីផ្តាច់គម្រោងនេះ តាមរយៈទំព័រហ្វេសបុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬស្កេន QR Code ខាងក្រោម ឬតាមរយៈ តំណភ្ជាប់ https://fb.watch/eq5gO55sjc/ ។ ទន្ទឹមនឹងនេះ ចំពោះអ្នកប្រើប្រាស់ ដែលជួបបញ្ហាផ្សេង ពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ ក៏អាចប្តឹងតវ៉ា មកនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ នៃ ន.ទ.ក. តាមរយៈទូរសព្ទ 6789 ដើម្បីដោះស្រាយជូនផងដែរ។
ជាថ្មីម្តងទៀត ក្រសួងប្រៃសណីយ៍ ប្តេជ្ញាបន្តតាមដាន និងចាត់វិធានការ យ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស៕/V