​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ កងទ័ព​ភូមិន្ទ​ថៃ​បាន​បដិសេធ​ការអះអាង​របស់​សមាជិក​សភា​ប្រឆាំង​ម្នាក់​ដែល​ថា​ពួក​ទាហាន​ថៃ​នៅតាម​ព្រំដែន​ថៃ​-​កម្ពុជា​ក្នុង​ខេត្ត​សា​កែវ​(Sa Kaeo)​ជាប់​ពាក់​​ព័ន្ធ​នឹង​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​និង​កម្មករ​ចំណាកស្រុក​កាត់​ព្រំដែន​។​

​ក្នុងអំឡុងពេល​ជជីក​សួរ​ដេញដោល​ពី​សមាជិក​សភា​ក្រុមប្រឆាំង​លើ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ លោក​វី​រ៉ា​ត វ៉ា​រ៉ូ​ត​ស៊ីរីន​(Wirat Warotsirin)​សមាជិកសភា​មក​ពី​គណបក្ស​សេរី​-​រួម​-​ថៃ បាន​​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់ អូ​ចា ដែល​ក៏​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ផង​ដែរ​នោះ ថា​បរាជ័យ​ក្នុង​ការការពារ​អធិបតេយ្យ​របស់​ប្រទេស​។​លោក​វ៉ា​រ៉ូ​ត​បាន​ចោទប្រកាន់​ថា​ទាហាន​ខ្លះ​ក្នុង​យោធា​​តំបន់​មួយ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅ​លើ​ផ្លូវ​មួយ​តាម​បណ្តោយ​ព្រំដែន​ថៃ​-​កម្ពុជា​ក្នុង​ឃុំ​ផា​រ៉ា​យ ក្នុងស្រុក​អារញ្ញ ខេត្ត​សា​កែវ​។​

​លោក​ថា​តំបន់​នេះ​មាន​ការរត់ពន្ធ​ទំនិញ​និង​កម្មករ​ចំណាកស្រុក ទាហាន​បាន​ជួល​ដី​ជាប់​ព្រំដែន​ហើយ​រក​ចំណូល​(​សំណូក​)​បាន​មួយ​ថ្ងៃ​យ៉ាង​តិច​មួយ​លាន​បាត​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ អ្នកនាំពាក្យ​កងទ័ព​ភូមិន្ទ​ថៃ បាន​និយាយថា ប៉ុស្តិ៍​ព្រំដែន​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ដើម្បី​រារាំង​កម្មករ​ពលករ​ខុសច្បាប់​ឆ្លង​ចូល​ក្នុង​ទឹកដី​ថៃ រីឯ​ការលើកឡើង​ថា​មាន​​អំពើពុករលួយ​ក្នុង​ចំណោម​មន្ត្រី​យោធា​ខ្លះ កងទ័ព​នឹង​ធ្វើការ​ស៊ើបអង្កេត​បញ្ហា​នេះ​ហើយ​បើ​រកឃើញថា​នរណា​មាន​កំហុស គេ​នឹង​ទទួលបាន​ពិន័យ​កងកម្លាំង​។​

​កាល​ពី​ម្សិលមិញ​នេះដែរ នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​ឡើង​ការពារ​ផែនការ​ចំណាយ​យោធា​ដោយ​លោក​បាន​អះអាងថា រដ្ឋាភិបាល​នឹង​នៅតែ​ទិញ​នាវាមុជទឹក​និង​យន្តហោះ​ចម្បាំង​ទំនើប F-35​ក្រោយពី​​សមាជិក​សភា​បក្ស​ភឿ​ថៃ​ម្នាក់ បាន​រិះគន់​លោក​ចំពោះ​ការ​មិន​ចេះ​ទប់​បង្ហៀ​រលើ​ការចំណាយ​មិនចាំបាច់​៕

​សមាជិក​សភា​បក្ស​ភឿ​ថៃ ឡើង​រិះគន់​ចំណាយ​យោធា​ដោយ​សុំអោយ​រដ្ឋាភិបាល​លុបចោល​ផែនកា​រទិញ​នាវាមុជទឹក​និង​យន្តហោះ​F-35​និង​ទុក​លុយ​នេះ​សំរាប់​ការអភិវឌ្ឍ​ប្រទេស​និង​ជួយ​ទ្រោល​សេដ្ឋកិច្ច​