ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជប៉ុន​បាន​ព្រមាន​អំពី​កំណើន​នៃ​ការគំរាមកំហែង​សន្តិសុខ​ជាតិ​ដែល​កើតចេញ​ពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​និង​ភាពតាន​តឹងរបស់​ចិន​ជា​មួយ​តៃវ៉ាន់​នៅក្នុង​​ឯកសារ​ការពារជាតិ​ប្រចាំ​ឆ្នាំ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កក្កដា ខណៈ​ជប៉ុន​ព្យាយាម​ពង្រឹងសមត្ថភាព​យោធា​និង​ការចំណាយ​របស់​ខ្លួន​។​

​ឯកសារ​ស​ការពារជាតិ​ប្រចាំ​ឆ្នាំ​ដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា (Fumio Kishida)​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការកសាង​យោធា​​របស់​ជប៉ុន​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​និង​ស្វែងរក​ការគាំទ្រ​ពី​សាធារណជន​សម្រាប់​យោធា​ដែល​រឹងមាំ​ជាង​មុន និង​ថវិកា​ដែល​កើន​ឡើង​ជាង​មុន ដែល​បក្ស​កាន់អំណាច​របស់​លោក​គី​ស៊ី​ដា​មាន​គោលបំណង​បង្កើន​ទ្វេ​ដង​ក្នុង​ឆ្នាំ​ខាង​មុខ​។​

​របាយការណ៍​នេះ​កើតឡើង​ប៉ុន្មាន​ខែ នៅមុន​ការកែសម្រួល​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​ជប៉ុន ដែល​គេ​រំពឹងថា​នឹង​រួមបញ្ចូល​នូវ​សមត្ថភាព​វាយប្រហារ​ជា​មុន​ដែល​អ្នក​រិះគន់​និយាយ​ថា​នឹង​ហួស​ពី​ដែន​​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន​។​

​ចិន រុស្សី និង​កូរ៉េខាងជើង គឺជា​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​របស់​ជប៉ុន​នៅក្នុង​របាយការណ៍​កម្រាស់ ៥០០ ទំព័រ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ណូ​ប៊ូ​អុ គី​ស៊ី (Nobuo Kishi) បាន​និយាយថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺជា “​ចំណុចកណ្តាល​” នៃ​ការ​ប្រជែង​យុទ្ធសាស្ត្រ​អន្តរជាតិ​។​

​របាយការណ៍​នេះ​បាន​ហៅ​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែនថា​ជា “​ការរំលោភច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​” និង​លើក​ឡើង​អំពី​”​ការព្រួយបារម្ភ​ថា​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​ជា​ឯកតោភាគី​បែបនេះ​ចំពោះ​ស្ថាន​​ភាពបច្ចុប្បន្ន​ដោយ​ប្រើ​កម្លាំង អាច​នឹង​ពង្រីក​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​”​។​

​របាយការណ៍​នេះ​បាន​និយាយថា ការ​ប្រជែង​យុទ្ធសាស្ត្រ​រវាង​រដ្ឋ​នានា​កាន់តែ​មាន​សភាព​ខ្លាំងក្លា​ឡើង​ចំពេល​មាន​ការផ្លាស់ប្តូរ​តុល្យភាព​អំណាច​សកល​និង​កាន់តែ​បង្ក​ភាពស្មុគស្មាញ​បន្ថែមទៀត​ដោយ​​កត្តា​នានា​ដូចជា​ការកសាង​យោធា​យ៉ាង​ទូលំទូលាយ​និង​ឆាប់រហ័ស​របស់​ចិន​”​។​

​នៅក្នុង​ទំព័រ​ថ្មី​ដែល​សរសេរ​តែ​អំពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន របាយការណ៍​បាន​និយាយ​ថា​ភាព​ឯកោ​លើ​ឆាក​អន្តរជាតិ​និង​ភាព​អស់កម្លាំង​របស់​រុស្ស៊ី​ពី​សង្គ្រាម​អាច​បង្កើន​សារៈសំខាន់​នៃ​កិច្ច​​សហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​យោធា​របស់​ទីក្រុង​មូ​ស្គូ​ជាមួយចិន​។​

​របាយការណ៍​នេះ​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​គួរតែ​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់ ព្រោះ​វា​អាចមាន “​ផលប៉ះពាល់​ផ្ទាល់​” ដល់​សន្តិសុខ​របស់​ជ​ប៉ុន​។​

​លោក​គី​ស៊ី​បាន​និយាយថា ចិន​និង​រុស្ស៊ី​កំពុង​បង្កើន​ប្រតិបត្តិការ​និង​សមយុទ្ធ​រួមគ្នា​ដែល​ពាក់ព័ន្ធ​នឹង​នាវាចម្បាំង និង​យន្តហោះ​យោធា​របស់​ពួកគេ​នៅ​ជុំវិញ​ប្រទេស​ជប៉ុន​ខណៈ​ទីក្រុង​ប៉េកាំង​​កំពុង​គំរាម​ប្រើប្រាស់​កម្លាំង​លើ​កោះ​តៃវ៉ាន់​និង​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​៕

​រថក្រោះ Type 90 របស់​ជប៉ុន​កំពុង​បាញ់​លើ​គោលដៅ​ក្នុង​សមយុទ្ធ​នៅ​កោះ​ហុក​កៃដូ​កាលពី​ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០២១