ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២២ ខែកក្កដា​ឆ្នាំ​២០២២​​បានធ្វើការ​បដិសេធ​ទាំងស្រុងចំពោះ​ខ្លឹមសារ​ដែលមាន​លក្ខណៈ​លំអៀង គ្មាន​មូលដ្ឋាន​និង​រើសអើង​នៃ “​ច្បាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជាឆ្នាំ​២០២២ ដែល​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត​នាពេល​ថ្មីៗ​នេះ ដោយ​ផ្អែកលើ​ហេតុផល​ភូមិសាស្ត្រ​នយោបាយ​ជាង​គុណ​តម្លៃ​សិទ្ធិមនុស្ស​។ សេចក្តីស្នើច្បាប់​នេះ បាន​ពឹងផ្អែក​លើសលប់​លើ​ប្រភពព័ត៌មាន​មិន​ច្បាស់លាស់ ជាពិសេស​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ទំនុក​ទុកចិត្ត​លើ​អង្គការ​នេះ​ត្រូវបាន​បាត់បង់​តាំងពី​ឆ្នាំ ២០០៤ មកម៉្លេះ។

​សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាមានការ​ខកចិត្ត​យ៉ាងខ្លាំង និង​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ខ្លឹមសារ​ដែលមាន​លក្ខណៈ​លំអៀង គ្មាន​មូលដ្ឋាន​និង​រើសអើង​នៃ “​ច្បាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ឆ្នាំ​២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែល​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត​នាពេល​ថ្មីៗ​នេះ ដោយ​ផ្អែកលើ​ហេតុផល​ភូមិសាស្ត្រ​នយោបាយ​ជាង​គុណ​តម្លៃ​សិទ្ធិមនុស្ស​។​ការអះអាង​ដែលថា គ្មាន​ការបោះឆ្នោត​ណាមួយ​នៅ​កម្ពុ​ជាមាន​លក្ខណៈ​សេរី និង​យុត្តិធម៌ គឺជា​ការបដិសេធ​ទាំងស្រុង​ចំពោះ​ការពិត​។ ក្រុម​អ្នកសង្កេតការណ៍​របស់​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​អតីត​សមាជិកសភា លោក Stephen J. Solarz បាន​ពិពណ៌នា​អំពី​ការបោះឆ្នោត​កាលពី​ឆ្នាំ ១៩៩៨ ថា​ជា “​អច្ឆរិយហេតុ​លើ​ដង​ទន្លេមេគង្គ​” ។ ការបោះឆ្នោត​បន្តបន្ទាប់​មកទៀត ក៏ត្រូវ​បាន​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​រាប់ពាន់នាក់​បាន​វាយតម្លៃថា មាន​លក្ខណៈ​សេរី យុត្តិធម៌ ដោយ​សន្តិវិធី និង​មាន​សណ្តាប់ធ្នាប់​ល្អ​។​

​សេចក្តីថ្លែងការណ៍បន្តថា ដូចគ្នានេះដែរ អ្នកសង្កេតការណ៍​ក្នុងស្រុក​និង​បរទេស​រាប់ពាន់នាក់ បានចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ខែ​មុននេះ ដែលមាន​គណបក្សនយោបាយ​ចំនួន ១៧ បាន​ចូលរួម​ប្រកួតប្រជែង មាន​លក្ខណៈ​សេរី យុត្តិធម៌ មាន​សណ្តាប់ធ្នាប់​ល្អ ដោយ​សន្តិវិធី មាន​តម្លាភាព គ្មាន​ការគំរាមកំហែង និង​សមស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ដែលមាន​ចំនួន​អ្នកចូលរួម​ជាង ៨០ភាគរយ និង​ជិត ៧៥ភាគរយ នៃ​សន្លឹកឆ្នោត​បានជ្រើសរើស​ការគាំទ្​គណបក្សកាន់ អំណាច ពិតជា​សក្ខីភា​បង្ហាញ ឱ្យឃើញ​ពី​ការបន្ត​ផ្តល់​ទំនុកចិត្ត​និង​ការគាំទ្រ​ចំពោះ​តម្រូវការ​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​ដែល​ទទួលបាន​ដោយ​លំបាក និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ការជ្រើសរើស​និង​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត ត្រូវតែ​គោរព​តាម​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា សេចក្តីស្នើច្បាប់​នេះ បាន​ពឹងផ្អែក​លើសលប់​លើ​ប្រភពព័ត៌មាន​មិន​ច្បាស់លាស់ ជាពិសេស​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ទំនុក​ទុកចិត្ត​លើ​អង្គការ​នេះ​ត្រូវបាន​បាត់បង់​តាំងពី​ឆ្នាំ ២០០៤ មក ។ អតីត​ឧបការី​រង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជ័យលាភី​ណូបែល​សន្តិភាព​ពីររូប រួម​ជាមួយនឹង​អ្នកស្រាវជ្រាវ​ជាង ១០០ នាក់ បាន​ផ្សព្វផ្សាយ​លិខិត​ចំហរ​រិះគន់​អង្គការ​នេះ​ដែលមាន​ចរិត​លំអៀង និង​ពោរពេញ​ដោយ​ស្តង់ដារ​ពីរ​។​

​វិធីសាស្ត្រ​ដែល​គណៈកម្មការ​ព្រឹទ្ធសភា​នេះ​ប្រកាន់យក គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ និង​បង្កឱ្យមាន​ការរាំងស្ទះ​ដល់​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ និង​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។ លើសពីនេះ វា​ផ្ទុយ​ទៅ​និង​ស្មារតី​និង​បំណងប្រាថ្នា​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ទំនាក់ទំនង​ល្អ ក៏ដូចជា​លើកកម្ពស់​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ផលប្រយោជន៍​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា បានបញ្ជាក់​សារជាថ្មី​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា​នៅក្នុង​ការលើកកម្ពស់​នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស ការថែរក្សា​សន្តិភាព និង​ស្ថិរភាព ដែល​ទទួលបាន​ដោយ​លំបាក​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​បាននិងកំពុង​រីករាយ​សាទរ​ជាមួយនឹង​ផ្លែផ្កា​នៃ​សមិទ្ធផល​ជាច្រើន​ទសវត្សរ៍​សម្រាប់​ជីវិត​សុខសាន្ត​របស់ខ្លួន​៕សរន