ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក វីន ស្មិកមែន (Vince McMahon)អ្នកផ្គូរផ្គងកីឡាករកីឡាកាសដ៏ល្បីល្បាញមួយរូប ដែលបានកសាងកម្មវិធីកីឡាកាសដ៏ពេញនិយមទៅជាអាណាចក្រកម្សាន្តលើពិភពលោក បានប្រកាសកាលពីថ្ងៃសុក្រទី២២កក្កដាថា គាត់នឹងចូលនិវត្តន៍ពីតំណែងប្រធានស្ថាប័នកីឡាកាសពិភពលោក (WWE)ក្រោយមានការចោទប្រកាន់ជាច្រើនពីបទប្រព្រឹត្តិខុសខាងផ្លូវភេទធ្ងន់ធ្ងរ។
លោកស្មិកមែនដែលមិត្តភក្តិយូរអង្វែងរបស់គាត់រួមមានលោក ដូណាល់ ត្រាំ បានក្លាយជាតួអង្គនៅក្នុងការផ្សព្វផ្សាយនិងផ្គូរផ្គងកីឡាកាសរបស់គាត់ផ្ទាល់នៅដំណាក់កាលមួយហើយថែមទាំងបានបើកក្របខ័ណ្ឌបាល់ឱប XFL ដើម្បីប្រជែងនឹងក្របខ័ណ្ឌបាល់ឱប NFL ទៀតផង។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខណៈនេះខ្ញុំឈានចូលដល់អាយុ៧៧ ឆ្នាំ ខ្ញុំមានអារម្មណ៍ថាវាដល់ពេលដែលខ្ញុំត្រូវចូលនិវត្តន៍ក្នុងនាមជាប្រធាននិងជានាយកប្រតិបត្តិនៃ WWE។ ឆ្លងកាត់ច្រើនឆ្នាំមកនេះ វាជាឯកសិទ្ធិមួយក្នុងការជួយ WWE នាំមកជូនលោកអ្នកនូវសេចក្តីអំណរ បំផុសគំនិតលោកអ្នក ធ្វើឱ្យលោកអ្នករំភើប ធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលនិងតែងតែផ្តល់ការកម្សាន្តដល់លោកអ្នក”។
លោកស្មិកមែនបានលាលែងពីតួនាទីរបស់គាត់ជាមួយ WWE កាលពីខែមុនដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតផ្ទៃក្នុងបន្ទាប់ពីមានការចោទប្រកាន់ថាគាត់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុគ្គលិកម្នាក់ ហើយបានបង់ប្រាក់ឱ្យនាងចំនួន ៣ លានដុល្លារដើម្បីរក្សារឿងនេះជាសម្ងាត់។
កូនស្រីរបស់គាត់ឈ្មោះ ស្តេហ្វានី (Stephanie) ត្រូវបានតែងតាំងជានាយកប្រតិបត្តិនិងជាប្រធានបណ្តោះអាសន្ន ខណៈការស៊ើបអង្កេតកំពុងបន្តចំពេលមានការចោទប្រកាន់កាន់តែទូលំទូលាយអំពីអំពើខុសឆ្គង។
កាសែត Wall Street Journal បានរាយការណ៍កាលពីពីរសប្តាហ៍មុនថា លោកស្មិកមែនបានបង់ប្រាក់ជាង ១២ លានដុល្លារដល់ស្ត្រីបួននាក់ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយ WWE ក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះដើម្បីរក្សាភាពស្ងៀមស្ងាត់អំពីស្នេហាលួចលាក់និងការចោទប្រកាន់អំពីការប្រព្រឹត្តខុសនានារួមទាំងអតីតកីឡាកាសស្រីម្នាក់ដែលអះអាងថាគាត់បានបង្ខិតបង្ខំនាងឱ្យបៀមប្រដាប់ភេទរបស់គាត់ទៀតផង៕
លោក វីន ស្មិកមែន ចូលនិវត្តន៍ពី WWEក្រោយសាងអោយស្ថាប័ននេះមានភាពល្បីរន្ទឺររាប់ទសវត្សរ៍