ដោយៈ ប​.​ខុន / ភ្នំពេញៈ ទំនប់​អាងទឹក​តា​ម៉ុក ដែលមាន​ស្រុក​នៅលើ​ស្លាប​ឆ្វេង នៃ​ទំនប់​បង្ហៀរ បន្ទាប់ពី​ទឹក​ឡើង​ខ្ពស់ បាន​ជួសជុល រួច​ជា​ស្ថាពរ​វិញ​ហើយ ទឹក​ក៏​ស្រក ទៅវិញ​ដែរ​។ អាងទឹក​តូចធំ ជាង ៩០ កន្លែង នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេលនេះ មានទឹក​ពេញ លើស​កម្រិត​រក្សាទុក ហើយ​បាន​បើក​បញ្ចេញ​ចោល​។​

​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ទំនប់​បង្ហៀរ​តា​ម៉ុក ដែលមាន​ស្រុតដី នៅ​ស្លាប​ខាងឆ្វេង បន្ទាប់ពី​ទឹក​ឡើង​ខ្លាំង បាន​ជួសជុល​រួច ជា​ស្ថាពរ​វិញ​ហើយ ដោយ​មិនមាន​ការបាក់​ដាច់​ទេ ទឹក​ក៏បាន​ស្រក​ចុះ​វិញ ផុត​កម្រិត​ព្រួយបារម្ភ​ហើយ​ដែរ​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេលនេះ មិនមាន​ជំនន់​ទឹកភ្លៀង កើតឡើង​ទេ តែ​គ្រប់​អាងទឹក​តូចធំ មានទឹក​ពេញ លើស​កម្រិត​រក្សាទុក បាន​បើកទ្វារ​បញ្ចេញ​ទឹក​ចោល​។ ភូមិសាស្ត្រ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជំនន់​ទឹកភ្លៀង ងាយ​កើតមានឡើង​ភ្លាមៗ នៅពេល​មាន​ភ្លៀង​ច្រើន និង​ក៏​ឆាប់​ស្រក អស់​ទៅវិញ​ដែរ​។​

​លោក ញឺ​ន កួន បាន​ប្រាប់​ឱ្យដឹងថាៈ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពេលនេះ មាន​អាង​ទឹកតូច មធ្យម និង​ធំ សរុប​ចំនួន ៩៣ អាង ក្នុងនេះ អាង​ធំៗ​ដែល​អាច​ស្តុក​ទឹកបាន​ពី ១៥០ លាន ដល់​ជាង ២០០ លាន​ម៉ែត្រគូប មាន​ចំនួន ៣ អាង ប្រភេទ​មធ្យម មាន​ចំនួន ២៨ អាង ដែល​អាង​ស្តុក​ទឹកបាន​ពី ៥ ដល់ ១០ លាន​ម៉ែត្រគូប និង​អាង​តូចៗ ដែល​អាច​តម្កល់​ទឹក បាន​ពី ១៣ លាន​ម៉ែត្រគូប​។ អាង​ទាំងអស់នេះ មានទឹក​ពេញ​អស់ហើយ បច្ចុប្បន្ន​។​

​លោក ញឺ​ន កួន បាន​និយាយ​ឱ្យដឹងទៀតថាៈ អាងទឹក​ស្រែង​២ មាន​ទំនប់​បង្ហៀរ ប្រវែង ២៨០ ម៉ែត្រ និង​អាងទឹក​ស្រែង​១ មាន​ទំនប់​បង្ហៀរ ប្រវែង ៦០០ ម៉ែត្រ ដែល​នៅពេលនេះ មានទឹក​ហូរ​ពីលើ​ទំនប់​បង្ហៀរ កម្រិត​កម្ពស់​ពី ០,៣ ទៅ ០,៤ ម៉ែត្រ​៕/V​