ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ នៅទូទាំង ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានកំពុងតាមដាន ស្រាវជ្រាវរកមុខសញ្ញា ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វា (Monkey pox) ម្នាក់ ដែលអាចរត់ឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងណាមួយ ជិតច្រកព្រំដែនអន្តរជាតិថ្មី បានណងអៀន- ស្ទឹងបត់ (ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ។
យោងសារសម្លេងមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវ និង ណែនាំបន្ទាន់មួយ ទៅគ្រប់អាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្ត និងតាមតំបន់ព្រំដែន ឱ្យយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ រកមុខសញ្ញាជនបរទេសម្នាក់ ដែលកើតជំងឺអុតស្វា ហើយដែលអាចរត់គេចខ្លួន ឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនណាមួយ ក្នុងខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។
សារសម្លេងមួយនេះរបស់លោក អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើង បន្ទាប់ពីមន្ត្រី ការិយាល័យទំនាក់ទំនងព្រំដែនថៃ កម្ពុជាម្នាក់ បានផ្ញើព័ត៌មាន និងរូបថតមុខសញ្ញាម្នាក់នោះ ជូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ដែលថា ជនបរទេស ម្នាក់នោះ អាចគេចពីប្រទេសថៃ ចូលទៅកម្ពុជា តាមភូមិណងអៀន ថៃ ទល់មុខភូមិស្ទឹងបត់ កម្ពុជា (ភ្ជាប់ប័ណ្ណ និងរូបថត ដែលខាងប្រទេសថៃ ក៏ប្រកាសរកនាំខ្លួនដែរ)។
យោងប័ណ្ណសម្គាល់ និងរូបថត មុខសញ្ញាជនជាតិនីហ្សេរីយ៉ានោះ មានឈ្មោះ ស៊ើរ៉ុម អូស្មូណូ ជីហាហ្ស៊ីរីម (NZEROM OSMONO CHIHAZIRIM ) ភេទប្រុស កាន់លិខិតឆ្លងដែន សហព័ន្ធនីហ្សេរីយ៉ា បានធ្វើដំណើរចេញពីប្រទេសខ្លួន ចូលមកប្រទេស ថៃ ។ បុរសជនជាតិនីហ្សេរីយ៉ានេះ ក៏ធ្លាប់បានធ្វើការនៅប្រទេសឥណ្ឌា កន្លងមកដែរ ៕/V