ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មួយសប្តាហ៍ កន្លងមកនេះ សាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានទទួលរថយន្តចង្កូតស្ដាំ ជាង ១០០ គ្រឿង មកចុះបញ្ជី និងបង់ពន្ធដែលមិនប្តូរចង្កូត។ នេះបើតាមអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។
ប្រភពដដែល បានអះអាងថា លទ្ធផលនេះ គឺកើតឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងមក ស្ដីពីការអនុញ្ញាតឱ្យបង់ពន្ធ និងអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់។ ពោលគឺ ម្ចាស់រថយន្ត ចង្កូតស្តាំ ដែលមានស្រាប់ក្នុងខេត្ត និងក្នុងប្រទេស ត្រឹមមុនថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អាចនាំរថយន្តរបស់ពួកគេ មកចុះបញ្ជីសិន ឬចុះបញ្ជីហើយបង់ពន្ធមួយចំនួន ឬក៏រង់ចាំបង់ នៅមុនកាលបរិច្ឆេទ ផុតកំណត់រយៈពេល ៩០ថ្ងៃ ឬ ៣ខែ គិតពីថ្ងៃជូនដំណឹង ។
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ថ្មីមួយ តាមសំណូមពរប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យរថយន្ត ចង្កូតស្តាំ បង់ពន្ធបាន ដោយមិនបាច់ប្តូរចង្កូត ។ ប៉ុន្តែត្រឹមថ្ងៃទី៦ ខែកក្កដា កន្លងមក មិនអនុញ្ញាតដាច់ខាត នូវការនាំចូលរថយន្តចង្កូតស្តាំ បន្តមកទៀតទេ ។
រីឯសេចក្តីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា: ១-ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធ និងអាករ រួចហើយ តែពុំទាន់កែចង្កូត អាចមកទទួលបង្កាន់ដៃពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែចង្កូត ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជី ធ្វើស្លាកលេខ ។ ២-ម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធដែលនៅសេស សល់ (ពុំទាន់បានកក់ប្រាក់ពន្ធ និងអាករ) ចុះបញ្ជីរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ ក្នុងប្រទេស ដើម្បីបង់ពន្ធ និងអាករជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយ និងរដ្ឋាករ នៅជិតបំផុត តាមកាលបរិច្ឆេទ ដូចខាងក្រោមៈ
១-ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស និងត្រូវចាប់ផ្តើមពី ពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។ ផុតកំណត់រយៈពេលនេះ រថយន្ត ដែលខកខានមិនបានចុះបញ្ជី នឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធ ចូលមកថ្មី) និងជាមុខសញ្ញា នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិ ជាធរមាន ។
២-ការបង់ពន្ធ និងអាករមានរយៈពេល ៩០ ថ្ងៃ ដោយគិតពីពេលនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។
៣- ទន្ទឹមនឹងនេះ ម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចបង់ពន្ធ និងអាករ ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរង ការពិន័យ។
ការអនុវត្តន៍គោលការណ៍អនុគ្រោះខាងលើ មិនអនុវត្តចំពោះរថយន្តដែលឆ្នាំម៉ូដែល ឆ្នាំ២០២១ ឡើងឡើយ ដែលតម្រូវឱ្យបង់ពន្ធ និងអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិ ជាធរមាន៕/V