ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កីឡាករ អូឡេកសាន់ដ្រ៍ ហ្ស៊ីនឆេនកូ (Oleksandr Zinchenko) បានក្លាយជាកីឡាករទីពីរ ដែលបានចាកចេញពី Manchester Cityទៅចូលរួមជាមួយ Arsenal ក្នុងរដូវកាលនេះ បន្ទាប់ពីបានចុះហត្ថលេខាលើកុងត្រាតម្លៃ ៣០ លានផោន (៣៦ លានដុល្លារ) កាលពីថ្ងៃសុក្រទី២២កក្កដា។
អ្នកចាត់ការទូទៅរបស់ Arsenal លោក មីគែល អាតិតា (Mikel Arteta)ជាអតីតជំនួយការគ្រូបង្វឹកនៅ City ពីឆ្នាំ ២០១៦-១៩ បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ ហ្គាព្រីល យ៉េស៊ូស (Gabriel Jesus) ពីអតីតក្លឹបរបស់គាត់រួចហើយ។
ហ្ស៊ីនឆេនកូ ជាខ្សែបម្រើកណ្តាលដែលភាគច្រើនលេងនៅខ្សែការពារឆ្វេងសម្រាប់ Man City បានបញ្ចប់អាជីពរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួននៅកីឡដ្ឋាន Etihad Stadiumជាកន្លែងដែលរូបគេមិនដែលជាប់ជម្រើសដំបូងឡើយ ទោះបីជាខ្លួនគេជាប្រធានក្រុមជម្រើសជាតិអ៊ុយក្រែនក៏ដោយ។
Arsenal មិនបានបង្ហាញពីរយៈពេលនៃកុងត្រារបស់ហ្ស៊ីនឆេនកូទេ។
លោកអាតិតាបាននិយាយថា “គាត់ជាកីឡាករដែលខ្ញុំស្គាល់យ៉ាងច្បាស់ ហើយបន្តតាមមើលគាត់បន្ទាប់ពីខ្ញុំចាកចេញពី Manchester City។អាឡិចគឺជាអ្នកលេងដែលមានគុណភាពខ្ពស់ដែលនឹងផ្តល់ឱ្យយើងនូវជម្រើសនិងភាពបត់បែន”។
“វាមិនត្រឹមតែទីតាំងជាច្រើនដែលគាត់អាចលេងបានប៉ុណ្ណោះទេ ប៉ុន្តែភាពប៉ិនប្រសព្វស្វាហាប់របស់គាត់នឹងផ្តល់ឱ្យយើងក្នុងតំបន់ប្រយុទ្ធនិងការពារផងដែរ។ អាឡិចគឺជាមនុស្សដែលមានគុណសម្បត្តិនិងចរិតដ៏អស្ចារ្យ ហើយខ្ញុំរីករាយដែលគ្រប់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីនាំអាឡិចមកក្លិប”៕
ហ្ស៊ីនឆេនកូចូលរួមជាមួយ Arsenal