ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសរបស់ខ្លួន ដែលចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ ២៧ កក្កដា ២០២២ ។
លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា បានប្រកាសពិធីបើកវគ្គនេះ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ។ វគ្គនេះបើកឡើង ដើម្បីបង្កើនគុណភាពដល់មន្ត្រីរបស់ខ្លួន ត្រៀមរៀបចំមុនព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា មកដល់ ដោយមានសិក្ខាកាម ចំនួន ៣០ នាក់ មកពីបណ្តាក្លិបរាំនានា ដែលជាសមាជិកសហព័ន្ធ។
លោកស្រី ញ៉ែមមរកត ដែលជាប្រធានសហព័ន្ធ បានមានប្រសាសន៍ថាៈ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសកីឡារាំនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមន្ត្រី ឲ្យកាន់តែប្រសើរ ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ នាខែក្រោយនេះ ជាពិសេស សម្រួចគោលដៅ ឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។
លោកស្រី ប្រធានសហព័ន្ធ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំប្រឹងប្រែង ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបង្កើនកម្រិតសក្តានុពល វិស័យកីឡាំរាំកម្ពុជា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ លោកស្រី ញ៉ែម មរកត ក៏ស្នើឲ្យមន្ត្រីកីឡារាំទាំងអស់ បន្តកិច្ចសហការ សាមគ្គីភាព រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងដំណើរអភិវឌ្ឍវិស័យកីឡារាំកម្ពុជា ឲ្យកាន់តែរីកម្រើនបន្ថែមទៀត៕/V