ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តាមរយៈមហាសន្និបាត បញ្ចប់អាណត្តិទី៦ កាលពីថ្ងៃទី២២ កក្កដា ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជាប់ឆ្នោតជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ បន្ថែមទៀត ។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា លាង ឃុន បានជាប់ឆ្នោតជា អនុប្រធានទី១ និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានទី២ បន្ទាប់ពីសមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងក្លិបហែលទឹកចំនួន ៧ សម្រេចចិត្តបោះឆ្នោត តែងតាំងរូបលោកទាំង ៣ រូប នៅមហាសន្និបាតបញ្ចប់អាណត្តិទី៦(ឆ្នាំ២០១៧-២០២១) និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ របស់សហព័ន្ធខ្មែរ កីឡាហែលទឹក។
មហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានការអញ្ជើញចូលរួមពីលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានទី២ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ជាសមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងក្លិបចំនួន ៧ ក្លិបទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាៈ យើងមានមោទនភាពជាខ្លាំងដែលកីឡាហែលទឹក បានទទួលមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួត SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម នាពេលកន្លងមក ។
សម្រាប់អាណត្តិទី៧ នេះ ជាអាណត្តិយុទ្ធសាស្ត្រ សម្រាប់កីឡាហែលទឹក ដែលព្រះរាជា ណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។ សហព័ន្ធ បានរៀបចំផែនការអភិវឌ្ឍ កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់ ដំណាក់កាល ពិសេសការហ្វឹកហាត់ជំនាញ ត្រូវការគ្រូបង្វឹក ជំនាញ គ្រូបង្វឹកមានគុណវុឌ្ឍ និងបទពិសោធន៍ខ្ពស់ អមដោយការបំពាក់ឧបករណ៍ សម្ភារស្តង់ដាកីឡា ការផ្តល់អាហារូបត្ថម្ភ ការថែទាំសុខភាព និងការលើកទឹកចិត្តផ្សេងៗ។
លោកប្រធានប្រធាន បានបន្តថាៈ ការហ្វឹកហាត់ ត្រូវការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ឲ្យបានច្រើន តាមតែអាចធ្វើបាន។ ត្រូវយកចិត្តទុកដាក់ឧបត្ថម្ភ និងគាំទ្រដល់ការចេញប្រកួត ជាអន្តរជាតិ ពីកម្រិតជើងឯក ដើម្បីទទួលបានទំនុកចិត្ត និងបទពិសោធន៍ ប្រកួតពេញលេញ ទើបអាចស្វែងរកជ័យជម្នះបាន។
សមាសភាពសមាជិក គណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៧ ប្រចាំឆ្នាំ ២០២១-២០២៥ ត្រូវបានជ្រើសតាំង ដោយអនុម័តបោះឆ្នោត រួមមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន អ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ អ្នកឧកញ៉ា ទ្រី ភាព អនុប្រធានទី២ លោក សួង ហេង អនុប្រធាន លោក បុង ប៊ុនហួន អនុប្រធាន លោក ហឿន សំនៀង អនុប្រធាន លោក ហែម ចាន់លី អនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរង កញ្ញា ហែម ថុនវិទិនី អគ្គហេរញ្ញិក កញ្ញា ជា ពូលី អគ្គហេរញ្ញិករង និងកញ្ញា ម៉ក់ គន្ធា សមាជិក ៕/V