​ដោយ​: សីហ​:/​ភ្នំពេញ​: នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដឹកនាំ​សហការី​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​រយៈពេល​៣០​ឆ្នាំ និង​ការពិភាក្សា​ទស្សនវិស័យ​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ទៀត​របស់​អាយ​ស៊ី​ស៊ី​អង្គរ​(២០២៣-២០៣៣) នៅ​ទីស្នាក់ការ​ក្រសួង​អឺរ៉ុប និង​កិច្ចការ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​អង្គប្រជុំ​ដ៏​មាន​សារសំខាន់​នោះ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក បុ​ង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូ​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ និង​ភាគី​ពាក់ព័ន្ធ​សំខាន់​មួយចំនួនទៀត​ដូចជា ភាគី​តំណាង​ប្រទេស​បារាំង​ដឹកនាំ​ដោយ​លោក Matthieu PEYRAUD ក្រសួង​ការបទេស​បារាំង លោក Bruno FAVEL លោកស្រី Francine d’ORGEVAL តំណាង​ក្រសួង​វប្បធម៌​បារាំង ភាគី​តំណាង​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក MIZUTANI Toshihiko លេខា​ទីមួយ ប្រតិភូ​អចិន្ត្រៃយ៍​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​អង្គការ​យូណេស្កូ លោកស្រី Nao HAYASHI តំណាង​អង្គការ​យូណេស្កូ​ទីក្រុង​ប៉ារីស​។ រីឯ​តំណាង​គណៈកម្មាធិការ​អា​យ​ស៊ី​ស៊ី​-​អង្គរ​មានការ​អញ្ជើញ​ចូលរួម​ដោយ លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​លោក​សាស្ត្រាចារ្យ Mounir BOUCHENAKI អ្នកជំនាញ​ចំពោះ​កិច្ច​សម្រាប់​ការអភិរក្ស​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​។​

គួរ​បញ្ជាក់ថា នៅក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២៨​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ខេត្តសៀមរាប សហប្រធាន​នៃ​គណៈកម្មាធិការ​នេះ​គឺ​ប្រទេស​បារាំង​និង​ជប៉ុន បានប្រកាស​យ៉ាង​ឱឡារិក​អំពី​ការបន្ត​បេសកកម្ម​ជ្រោមជ្រែង​ចំនួន​១០​ឆ្នាំ​បន្ថែមទៀត​ដល់​កម្ពុជា​ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​៕​