​ដោយ​: ជា សីហ​:/​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ​ដឹកនាំ​ដោយ លោកស្រី Doung Jai សមាជិកសភា​ពាណិជ្ជកម្ម​ថៃ ដែលមាន​ការចូលរួម​ពី លោក​អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ​។

​លោក ស៊ា​ង ថៃ បាន​ស្វាគមន៍​គណៈប្រតិភូ​ថៃ មកកាន់​ប្រទេស​កម្ពុជា និង​ជាពិសេស​មកកាន់​ក្រសួងពាណិជ្ជកម្ម​នាពេល​នេះ​។ លោក​រដ្ឋលេខាធិការ បន្តថា កម្ពុជា​-​ថៃ​ជា​ប្រទេសជិតខាង​គ្នា មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង ក្របខណ្ឌ​អាស៊ាន ដែល​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​គួរឱ្យ​កាត់​សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី Doung Jai បាន​ជម្រាបជូន​លោក​រដ្ឋលេខាធិការ​ថា គោលបំណង​នៃ គណៈប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ​មកកាន់​ក្រសួងពាណិជ្ជកម្ម​នាពេល​នេះ គឺ​ដើម្បី​ជម្រាបជូន​ពី​គម្រោង​ដំណើរ​ទស្សនកិច្ច ពាណិជ្ជកម្ម​របស់​គណៈ​ប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ ដឹកនាំ​ដោយ​ប្រធានសភា​ពាណិជ្ជកម្ម​ថៃ​មកកាន់​កម្ពុជា​ចាប់ពី ថ្ងៃទី​៤-៥ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ថៃ​ចំនួន​៧០​ក្រុមហ៊ុន​។ គណៈប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ នឹង​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២​ខាងមុខនេះ ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ថៃ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​ផងដែរ​។

​ជាការ​ឆ្លើយតប លោក​រដ្ឋលេខាធិការ បាន​បន្តថា​ក្រសួងពាណិជ្ជកម្ម​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ជាមួយ សភាពាណិជ្ជកម្ម​ថៃ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ ក្នុង​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។

​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​មាន​ទំហំ​ទឹកប្រាក់​ជាង ៣ ៦៤៥​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​ថៃ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១៨៥​លាន​ដុល្លារ​អាមេរិក និង​ថៃ​នាំ​ចេញមក​កម្ពុជា ក្នុង ទំហំ​ទឹកប្រាក់​ជាង ៣ ៤៦០​លាន​ដុល្លារ​អាមេរិក​៕​