ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលលេងពុកមាត់ បានទទួលទាំងការកោតសរសើរនិងការចម្អកពីមនុស្សតាមអ៊ីនធឺណិត។ ប៉ុន្តែនាងនិយាយថា នាងមិនខ្វល់នឹងការចាប់អារម្មណ៍ចំពោះពុកមាត់របស់នាងឡើយ។
នាងស៊ីយ៉ា (Shyja) អាយុ ៣៥ ឆ្នាំបានប្រកាសនៅក្នុង WhatsApp នៅខាងក្រោមរូបថតរបស់នាងថា “ខ្ញុំស្រលាញ់ពុកមាត់របស់ខ្ញុំ”។
នាងត្រូវបានសួរជាញឹកញាប់ដោយអ្នកដែលឃើញរូបថតរបស់នាងនៅលើហ្វេសប៊ុកឬជួបនាងផ្ទាល់ថាហេតុអ្វីបានជានាងលេងពុកមាត់។
នាងនិយាយថា “អ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំចូលចិត្តវាណាស់”។
នាងស៊ីយ៉ាគឺរស់នៅក្នុងស្រុកកាន់នួ (Kannur)ក្នុងរដ្ឋកេរ៉ាឡា (Kerala)ភាគខាងត្បូង។
នាងមានពុកមាត់នៅពីលើបបូរមាត់អស់ជាច្រើនឆ្នាំហើយ និងនាងតែងតម្រឹមរោមចិញ្ចើមជាទៀងទាត់ដោយមិនដែលមានអារម្មណ៍ចង់កោរពុកមាត់នោះទេ។
ប្រហែលប្រាំឆ្នាំមុន ពុកមាត់ចាប់ផ្តើមក្រាស់មើលឃើញច្បាស់ ហើយនាងស៊ីយ៉ាងរីករាយនឹងរក្សាវាទុក។
នាងនិយាយថា “ឥឡូវខ្ញុំមិនអាចស្រមៃរស់ដោយគ្មានវានោះទេ។ នៅពេលដែលជំងឺរាតត្បាតកូវីដបានចាប់ផ្តើម ខ្ញុំមិនចូលចិត្តពាក់ម៉ាសគ្រប់ពេលទេព្រោះវាបិទបាំងមុខរបស់ខ្ញុំ”។
មនុស្សជាច្រើន ដែលបានឃើញនាង បានជំរុញឱ្យនាងកោរពុកមាត់ចេញ ប៉ុន្តែស៊ីយ៉ាបានបដិសេធ។
នាងនិយាយថា “ខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំមិនស្អាត ព្រោះតែខ្ញុំមានរបស់នេះឬរបស់អ្វីដែលខ្ញុំមិនគួរមាននោះទេ”៕
នាងស៊ីយ៉ាថាមិនខ្វល់នឹងអ្នកដែលចម្អកពុកមាត់របស់នាងទេ