ដោយៈប.ខុន/ភ្នំពេញៈទឹកបឹងទន្លេសាបនៅស្ថានីយជលសាស្ត្រក្រគរ កំពង់លួង ឡើងបានដល់កម្រិត២,៩៣ម៉ែត្រ បន្ទាប់ពីទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ ចតុមុខ បានឡើងដល់ កម្រិតកម្ពស់៥,០១ម៉ែត្រនៅថ្ងៃទី២៣ខែកក្កដាហើយវាអាចនឹងងើបឡើងដល់កម្រិតកម្ពស់៥,៣០ម៉ែត្រនៅថ្ងៃទី២៧ខែកក្កដាខាងមុខ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ថាទឹកទន្លេនៅគ្រប់ស្ថានីយជលសាស្ត្របានងើបឡើងមកវិញនិងបន្តឡើងច្រើនថ្ងៃទៀតតែឡើងមិនគំហុកនោះទេ។ នៅក្នុងប្រទេសកម្ពុជាស្ថានភាពភ្លៀងធ្លាក់អាចចុះខ្សោយបន្តិច ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តែនៅតំបន់អាងទន្លេមេគង្គលើនៅបន្តមានភ្លៀងច្រើនដោយវិសម្ពាធឬសម្ពាធទាបសកម្មនៅក្នុងសមុទ្រខាងត្បូងនឹងដើរទៅដល់នោះនៅពេលខាងមុខ។
ព្រឹត្តិប័ត្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៣ខែកក្កដាបង្ហាញឱ្យឃើញថា នៅខេត្តស្ទឹងត្រែងទឹកមានកម្ពស់ ៦,៣១ម៉ែត្រខ្ពស់ជាងថ្ងៃទី២២ខែកក្កដា០,៣៤ម៉ែត្រ នៅខេត្តក្រចេះទឹកមានកម្ពស់១៤,៥៤ម៉ែត្រខ្ពស់ជាងថ្ងៃទី២២កក្កដា០,៣១ម៉ែត្រ នៅខេត្តកំពង់ចាមទឹកមានកម្ពស់៨,៤៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២២កក្កដា០,០៨ម៉ែត្រ នៅទន្លេបាសាសក់ ចតុមុខ ទឹកមានកម្ពស់៥,០១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២២កក្កដា០,០១ម៉ែត្រ។ នៅអ្នកលឿងទឹកមានកម្ពស់៣,៥៦ម៉ែត្រ ទាបជាងថ្ងៃទី២២កក្កដា០,០២ម៉ែត្រ នៅទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់៤,៦៧ម៉ែត្រ ទាបជាងថ្ងៃទី២២កក្កដា០,០១ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់៤,០៨ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២២កក្កដា០,០១ម៉ែត្រ ទឹកបឹងទន្លេសាបនៅក្រគរ កំពង់លួង ទឹកមានកម្ពស់២,៩៣ម៉ែត្រខ្ពស់ជាងថ្ងៃទី២២ខែកក្កដា០,១០ម៉ែត្រ។
នៅថ្ងៃទី១៧ ខែកក្កដា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង អាចឡើងដល់កម្ពស់៦,៤៥ម៉ែត្រ នៅក្រចេះទឹកអាចឡើងដល់កម្ពស់១៥,១០ម៉ែត្រ នៅខេត្តកំពង់ចាមទឹក អាចឡើងដល់កម្ពស់៨,៩៣ម៉ែត្រ នៅចតុមុខទឹកអាចឡើងដល់កម្ពស់៥,៣០ម៉ែត្រ នៅអ្នកលឿងទឹកអាចឡើងដល់កម្ពស់៣,៧៧ម៉ែត្រ នៅទន្លេបាសាក់ កោះខែលទឹកអាចឡើង ដល់កម្ពស់៤,៨៣ម៉ែត្រ និងនៅព្រែកក្តាមទឹកអាចឡើងដល់កម្ពស់៤,៣២ម៉ែត្រ។
ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថាទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្របាសាក់ ចតុមុខក្នុងរដូវវស្សាឆ្នាំ២០២២អាចឡើឡងដល់កម្រិតកម្ពស់៩,៦៥ម៉ែត្រ ដែលចាត់ទុកថាជាប្រភេទជំនន់មធ្យម៕