ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាមសារសម្លេងមួយ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យសមត្ថកិច្ចគ្រប់ថ្នាក់ ស្រាវជ្រាវ រកបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា (Monkey pox) ដែលផ្អែកតាមព័ត៌មានថា ជននេះ បានគេចខ្លួនពីប្រទេសថៃ ឆ្លងព្រំដែនមកដល់ខេត្តឆ្នេរ សមុទ្រ ទេសចរណ៍មួយនេះ។ ក៏ប៉ុន្តែ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយជាសាធារណៈ តាមរយៈគ្រុបតេឡេក្រាម របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថាៈ ” មិនទាន់មានរកឃើញវត្តមាន នៃបុគ្គលនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡើយទេ (មកទល់ពេលនេះ) “។
លោក គួច ចំរើន បានមានប្រសាសន៍ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ថ្នាក់ក្នុងខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា សូមយកចិត្តទុកដាក់លើជនជាតិនីហ្សេរីយ៉ា ដែលបានកើតជំងឺអុតស្វា ហើយតាមដំណឹងមកថា បានរត់គេចពីការគ្រប់គ្រងរបស់ រដ្ឋាភិបាលថៃ ឆ្លងកាត់ព្រំដែន ចូលមកដល់ខេត្តព្រះសីហនុ ដូច្នេះសូមបង្កើនការគ្រប់គ្រង ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ ក្នុងករណីបានដឹង បានឃើញជនជាតិ នីហ្សេរីយ៉ារូបនេះ នៅកន្លែងណា សូមឱ្យរាយការណ៍មកខាងសុខាភិបាល ដើម្បីចាត់វិធាន ការគ្រប់គ្រងសុខភាព ឱ្យបានលឿនបំផុត និងប្រកបដោយប្រសិទ្ធភាព ។
ក្រោយពីលោកអភិបាល ខេត្តព្រះសីហនុ ប្រកាសពីការទទួលព័ត៌មាននេះ និងអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ថ្នាក់ក្នុងខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់ លើជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វារូបនេះមក នៅរសៀល ថ្ងៃទី២៣ កក្កដា នេះដែរ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយជាសាធារណៈ តាមរយៈគ្រុបតេឡេក្រាម របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថាៈ ” មិនទាន់មានរកឃើញវត្តមាន នៃបុគ្គលនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡើយទេ (មកទល់ពេលនេះ) “។
ក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ថាៈ ” ករណីជនជាតិនីហ្សេរីយ៉ា ដែលមានកើតជំងឺអុតស្វា ដែលបានធ្វើរោគវិនិច្ឆ័យ ដោយអាជ្ញាធរសុខាភិបាលថៃ ហើយដែលបានគេចខ្លួន តាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃ បាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កើនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានណា ដែលបញ្ជាក់ថា ជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុ ហើយនោះទេ។ ដូច្នេះ សូមអំពាវនាវដល់សាធារណជន សហការគ្នាចូលរួមសង្កេត និងផ្តល់ព័ត៌មាន ប្រសិនបើឃើញជនជាតិ នីហ្សេរីយ៉ារូបនេះ សូមជូនព័ត៌មានទៅអាជ្ញាធរសុខាភិបាល ដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥ ដើម្បីមានវិធានការសុខាភិបាលជាបន្ទាន់ ដើម្បីទប់ស្កាត់ការចម្លង វីរុសអុតស្វានេះ បានទាន់ពេលវេលា ” ។
ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ នៅទូទាំង ខេត្តបន្ទាយមាន ជ័យ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានកំពុងតាមដាន ស្រាវជ្រាវរកមុខសញ្ញា ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វាម្នាក់នេះ ដែលអាចរត់ឆ្លងដែន ខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងណាមួយ ជិតច្រកព្រំដែនអន្តរជាតិថ្មី បានណងអៀន- ស្ទឹងបត់ (ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវ និងណែនាំ តាមរយៈសារ សម្លេងបន្ទាន់ដែរ ទៅគ្រប់អាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្ត និងតាមតំបន់ព្រំដែន ឱ្យយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវរកបុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វានេះ។
យោងប័ណ្ណសម្គាល់ និងរូបថត ដែលអាជ្ញាធរមានសមត្ថកិច្ចថៃ បានផ្ញើជូនអាជ្ញាធរមាន សមត្ថកិច្ចខេត្តបន្ួាយមានជ័យ បុរសជនជាតិនីហ្សេរីយ៉ានេះ មានឈ្មោះ ស៊ើរ៉ុម អូស្មូណូ ជីហាហ្ស៊ីរីម (NZEROM OSMONO CHIHAZIRIM ) កាន់លិខិតឆ្លងដែន សហព័ន្ធនីហ្សេរីយ៉ា បានធ្វើដំណើរចេញពីប្រទេសខ្លួន ចូលមកប្រទេសថៃ ។ បុរសជនជាតិ នីហ្សេរីយ៉ានេះ ក៏ធ្លាប់បានធ្វើការនៅប្រទេសឥណ្ឌា កន្លងមកដែរ។
យោងតាមបណ្ដាញព័ត៌មានរបស់ថៃ បានផ្សាយឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថៃបានប្រកាសពីការរកឃើញ ជាលើកដំបូង នៃករណីជំងឺអុតស្វា នៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹង នៃលទ្ធផលធ្វើតេស្តវិជ្ជមាន។ ករណីនេះ ត្រូវបានរកឃើញ នៅលើកោះទេសចរណ៍ ភូកេត កាលពីចុងសប្តាហ៍មុន នៅពេលអ្នកជំងឺ បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យឯកជនមួយកន្លែង ដោយមានរោគសញ្ញា ស្រដៀងគ្នាទៅនឹងជំងឺអុតស្វា។
បើតាមក្រុមមន្ត្រីសុខាភិបាលថៃ ខាងមន្ទីរពេទ្យ បានយកសំណាកពីអ្នកជំងឺ ដើម្បីទៅធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ បន្ទាប់មក នាយប់ថ្ងៃចន្ទ សប្តាហ៍នេះ លទ្ធផលចេញមកបង្ហាញថា វិជ្ជមាន។
អាជ្ញាធរសុខាភិបាល កោះភូកេត បានឲ្យដឹងថា ក្រោយទទួលដំណឹង នៃលទ្ធផលធ្វើតេស្ត អ្នកជំងឺបានបដិសេធទទួលការព្យាបាល ហើយបិទទូរស័ព្ទរបស់ខ្លួន លែងឲ្យមន្ទីរពេទ្យ ទាក់ទងបាន។
បុរសជនជាតិនីហ្សេរីយ៉ា រូបនោះ បានចូលមកដល់ប្រទេសថៃ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយបានស្នាក់នៅខុនដូ មួយកន្លែង ក្នុងក្រុងផាតុង (Patong) នៃកោះភូកេត ចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតមក ៕/V