​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​សៅរ៍​បាន​ឆ្លង​ផុត​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​លើ​ក​ទី​បួន​និង​ជា​លើក​ចុង​ក្រោយ​នៅក្នុង​សភា​នៅ​មុន​ការ​​បោះឆ្នោត​សកល​មួយ​នៅ​ឆ្នាំក្រោយ​។​

​ការបោះឆ្នោត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការ​ជជីក​សួរ​និង​រិះគន់​អស់​ពេល​បួន​ថ្ងៃ​ពី​សំណាក់​សមាជិក​សភា​ក្រុមប្រឆាំង​លើ​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ដប់​រូប​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក ។​ពួក​ប្រឆាំង​បាន​​រិះគន់​សមាជិក​រដ្ឋាភិបាល​ថា​ដឹកនាំ​សេដ្ឋកិច្ច​ខុស ខ្ជះខ្ជាយ​ចំណាយ​សាធារណៈ​និង​បរាជ័យ​ក្នុង​ការរារាំង​​អំពើ​ពុករលួយ​។​សូមបញ្ជាក់ថារដ្ឋមន្ត្រី​ដប់​រូប​ទៀត​ក៏​រួចផុត​ពី​ការបោះឆ្នោត​ទម្លាក់ ដោយសារ​តែ​ក្រុម​​ចំរុះ​កំពុងកាន់​អំណាច​មាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​។​

​លោក​ប្រា​យុទ្ធ ទទួលបាន​សម្លេង​សម្តែង​ការទុកចិត្តចំនួន​២៥៦ ទល់​នឹង​មិន​ទុកចិត្ត​២០៦ និង​ប្រាំបួន​សម្លេង​បោះ​អនុប្បវាទ​។​

​ចូឡា​ណាន់ ស្រ៊ី​កែវ​(Cholanan Srikaew)មេដឹកនាំ​គណបក្សប្រឆាំង​ភឿ​ថៃ បាន​និយាយថា​លទ្ធផល​បោះឆ្នោត​នេះ​គួរ​អោយ​ខកចិត្ត​ដោយសារ​វា​មិន​ឆ្លុះបញ្ចាំង​អារម្មណ៍​សាធារណជន​។​«​យើង​ដឹង​​ថា​យើង​មិន​ឈ្នះ​ក្នុង​សភា តែ​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត​សកល​»​។​

​តាមពិត ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ ប្រា​យុទ្ធ បាន​រួចផុត​ពី​ការ​បោះឆ្នោត​ដូច​គ្នា​ចំនួន​បី​លើក​ចាប់​តាំងពី​ឆ្នាំ​២០២០​មក​។​នាយករដ្ឋមន្ត្រី​វ័យ​៦៨​ឆ្នាំ​រូប​នេះ បាន​ចូល​កាន់តំណែង​ក្រោយ​លោក​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធានៅ​​ឆ្នាំ​២០១៤​និង​ក្រោយមក​បាន​ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត​នៅក្នុងការ​បោះឆ្នោតសក​ល​ឆ្នាំ​២០១៩៕

​លោក​ប្រា​យុទ្ធ​បង្ហាញ​ទឹកមុខ​រីករាយ​ក្រោយ​សភា​បោះឆ្នោត​បន្ត​គាំទ្រ​រូប​លោក​អោយ​ដឹកនាំ​ដល់​ចប់​អាណត្តិ​ឆ្នាំក្រោយ​