ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ បុរសអាយុ ៩០ ឆ្នាំម្នាក់នៅក្នុងខេត្តឡុងអាន (Long An) នៃតំបន់ដីសណ្តទន្លេមេគង្គបានទទួលទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ទី២២កក្កដាពីបទធ្វើអោយប៉ះពាល់អវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់បុគ្គលនិងអង្គការជាច្រើន។
តុលាការប្រជាជនស្រុកឌឹកហ័រ(Duc Hoa) បានកាត់ទោសឱ្យលោក ឡេ ទុង វ៉ាន់ (Le Tung Van) ជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទ “រំលោភលើសេរីភាពប្រជាធិបតេយ្យដើម្បីបំពានលើផលប្រយោជន៍រដ្ឋ សិទ្ធិស្របច្បាប់និង ផលប្រយោជន៍របស់អង្គការនិង/ឬប្រជាពលរដ្ឋ”។
បក្ខពួកប្រាំនាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារផងដែរ គឺឈ្មោះ ឡេ ថាញ់ ញ៉ាត ង្វៀន (Le Thanh Nhat Nguyen) អាយុ ៣០ ឆ្នាំ, ឡេ ថាញ់ ហ័ន ង្វៀន (Le Thanh Hoan Nguyen) អាយុ ៣១ ឆ្នាំ និង ឡេ ថាញ់ យឿង (Le Thanh Duong) អាយុ ២៧ ឆ្នាំ ទាំងអស់គ្នាត្រូវជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ, ឈ្មោះ ឡេ ថាញ់ ញី ង្វៀន (Le Thanh Nhi Nguyen) ជាប់គុកបីឆ្នាំកន្លះ និង កាវ ធី គុក (Cao Thi Cuc) ជាប់គុកបីឆ្នាំ។
បើតាមឯកសារតុលាការ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ លោកវ៉ាន់បានណែនាំឈ្មោះ ហ័ន ង្វៀន និង ញ៉ាត ង្វៀន ឱ្យបង្កើតគណនី YouTube ដែលពួកគេបានបង្ហោះវីដេអូមានខ្លឹមសារមិនពិត ដែលប៉ះពាល់អវិជ្ជមានដល់សាធារណជន ប្រមាថដល់កេរ្តិ៍ឈ្មោះរបស់អង្គការ និងបុគ្គលដូចជាប៉ូលិសស្រុកឌឹកហ័រ ព្រះសង្ឃវៀតណាមក្នុងខេត្តឡុងអាន និងព្រះសង្ឃវៀតណាមព្រះនាម ថិច ញ៉ាត ទូ (Thich Nhat Tu) ជាសាកលវិទ្យាធិការរងនៃសកលវិទ្យាល័យពុទ្ធសាសនាវៀតណាម និងជាអនុប្រធាននាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនាអន្តរជាតិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។
រដ្ឋអាជ្ញាបាននិយាយថា អាកប្បកិរិយារបស់លោកវ៉ាន់បានបំពានយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននិងត្រូវបានធ្វើឡើងដដែលជាច្រើនដង៕
លោក ឡេ ទុង វ៉ាន់ អាយុ៩០ឆ្នាំត្រូវតុលាការកាត់ទោសអោយជាប់គុក ៥ ឆ្នាំពីបទរំលោភសិទ្ធិប្រជាធិបតេយ្យ