​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថ្ងៃ​មក ប្រភព​អនាមិក​ដែល​ស្និទ្ធ​នឹង​កងទ័ព​រំដោះប្រជាជន​ចិន (PLA)​បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថា តាមពិតទៅ​ថ្មីៗ​នេះ​ចិន​បាន​ដាក់​ឱ្យ​ប្រើ​នាវាមុជទឹក​ប្រភេទ​ថ្មី​រួចហើយ​។​

​នាវាមុជទឹក​ថ្មី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​នាវា​ស៊េរី​ថ្មី ឈ្មោះ Type 039 (​ឈ្មោះ​រាយការណ៍​របស់​អង្គការ​ណា​តូ គឺ Song-class)​ដែល​ជា​ប្រភេទ​នាវាមុជទឹក​រចនា​ដំបូង​គេ​ដោយ​ចិន​និង​​ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ពេញលេញ​ជា​លើកដំបូង​នៅ​ក្នុងប្រទេស​ចិន​។ ទោះយ៉ាងណា នាវា​មួយ​នេះ​មាន​ការកែលម្អ​ប្រសើរ​ឡើង​មួយ​ចំនួន​ចំពោះ​ក្តោង​របស់​វា រួម​ទាំង​ការ​រចនា​មុំកែង​ដ៏​ពិសេស​ដែល​អ្នក​​សង្កេតការណ៍​និយាយថា​អាច​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​បំបាំងកាយ​របស់​វា​។​

​ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា នៅពេល​ដែល​គណនី WeChat ផ្លូវការ​របស់​កងទ័ព​ជើង​ទឹក​នៃ PLA​បាន​បង្ហោះ​រូបថត​អំពី​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​​អាហា​រដ្ឋា​ន​របស់​នាវិក​នៅឯ​មូលដ្ឋាន​ទ័ពជើងទឹក​ក្នុង​ទីក្រុង​នី​ង​ប៉ូ (Ningbo)​ខេត្ត​ចឺ​ជាំង (Zhejiang) កន្លែង​ដែល​ទីបញ្ជាការ​ភូមិភាគ​ខាងកើត​របស់ PLA មាន​ទីតាំង​ស្ថិតនៅ​។​

​នៅ​ផ្ទៃ​ខាងក្រោយ​នៃ​រូបភាព​មួយ​សន្លឹក គេ​អាច​មើលឃើញ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​នៅលើ​នាវាមុជទឹក ជាមួយនឹង​ក្ដោង​រាង​មិនធម្មតា ដែល​មាន​មុំ​ជ្រុងៗ​មិនមែន​ទាល​នៅ​ក្បាល​របស់​វា និង​ជាមួយ​​នឹង​ក្បាល​ក្ដោង​តូចៗ​។​

​យោង​តាម​វេប​សាយព័ត៌មាន Eastday.com ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ ក្រុមអ្នកវិភាគ​ជឿថា ការ​រចនា​ថ្មី​នេះ​អាច​កាត់បន្ថយ​ការចាប់​បាន​ដោយ​ប្រព័ន្ធ​រ៉ា​ដា​របស់​នាវាមុជទឹក​និង​ធ្វើ​​ឱ្យ​វា​កាន់តែ​បំបាំងកាយ​នៅពេល​ងើប​ពី​ទឹក​ក៏ដូចជា​ផ្តល់នូវ​គុណសម្បត្តិ​ខាង​ទម្លុះ​សម្ពាធ​ទឹក​ពេល​ជ្រមុច​ចុះ​ទឹក​ផងដែរ​។ នាវា​ថ្មី​នេះ​ក៏​អាចដាក់​ប្រព័ន្ធ​អាវុធ​ថ្មី​ផងដែរ ប្រហែល​ជា​ប្រព័ន្ធ​ដែល​ជួយ​ឱ្យ​នាវា Type 039 បាញ់​មី​ស៊ី​ល​នាំ​ផ្លូវ ដែល​វា​បាញ់​ចេញពី​បំពង់​ផ្តេក​របស់​វា ជំនួស​ឱ្យ​បំពង់​បាញ់​បញ្ឈរ ដើម្បី​សន្សំ​សំចៃ​កន្លែង​ទំនេរ​។​

PLA មិនបាន​ធ្វើ​សេចក្តីប្រកាស​ជា​ផ្លូវការ​អំពី​ការដាក់​ឱ្យ​ប្រើ​នាវា Type 039 នោះទេ ជាហេតុ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​បាន​ត្រឹម​ធ្វើការ​សន្និដ្ឋាន​ស្មានៗ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ប្រភព​មួយ​”​ដែល​បាន​​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ភាព​រសើប​នៃ​បញ្ហា​នេះ បាន​ប្រាប់​កាសែត South China Morning Post (SCMP) កាលពី​ថ្ងៃ​សុក្រ​ថា នាវា​នេះ​ទើប​ដាក់​ឱ្យ​ប្រើ​ថ្មីៗ​នេះ​ទេ​។​

​ប្រភព​បាន​និយាយ​ទៅកាន់​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​ថា “[​ការដាក់​ឱ្យ​ប្រើ​] បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ ខណៈ​នាវាមុជទឹក​ចាស់ៗ​មួយចំនួន​ត្រូវការ​នាវា​ថ្មី​មក​ជំនួស​”៕

នាវា​មុជទឹក Type 039 ជំនាន់​ថ្មី ត្រូវ​គេ​ជឿ​ថា​ដាក់​ឱ្យ​ប្រើ​កាលពី​ពេល​ថ្មីៗ