ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់ថាៈ ការបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងច្រើនលើសលុប គឺជាការផ្ដល់យុត្តិធម៌ មិនអាចប្រកែកបាន មកលើថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ហើយដែលពួកគាត់ សុទ្ធតែបានលះបង់ពេលវេលា និងធនធាន អស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ដោយស្មោះស្ម័គ្រ យូរមកហើយ ។
លោកបានបញ្ជាក់ដូចនេះ ក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណ និងពិសា អាហារសាមគ្គី ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកកំចាយមារ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។
លោក ស សុខា បានបញ្ជាក់ទៀតថាៈ ការអញ្ជើញទៅបោះឆ្នោតគ្រប់ៗអាណត្តិ មិនថា បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រនោះទេ វាជាការបង្ហាញ យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានគាំទ្រលទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងបានទាត់ចោលជាស្វ័យប្រវត្តិ រាល់ចេតនាអ្នកនយោបាយ ប្រឆាំងមួយចំនួន ចេះតែប៉ុនប៉ងញុះញង់ប្រជាពលរដ្ឋ ឲ្យគាំទ្រការដណ្ដើមអំណាច តាមមធ្យោបាយហិង្សា និងខុសច្បាប់ ដែលធ្លាប់ផ្ដល់មេរៀនជូរចត់រួចហើយ កាលពីអតីតកាល ។
លោក ស សុខា ក៏បានលើកឡើងថាៈ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបតែបញ្ចប់ថ្មីៗ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោកបានសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់លោកតា លោកយាយ អ៊ំ ពូមាមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបេក្ខជនគណបក្ស ដែលបានឈរឈ្មោះ ។
លោក ស សុខា ក៏បានលើកឡើងដែរថាៈ ជាការពិត ក្នុងការបោះឆ្នោត កន្លងទៅនេះ មានគណបក្សនយោបាយ ចូលរួមច្រើន ហើយក៏មានប្រជាពលរដ្ឋតិច ឬច្រើន បានបោះឆ្នោតគាំទ្រគណបក្ស ដែលពេញចិត្តរៀងៗខ្លួន ។ គ្រាន់តែលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រច្រើន រហូតអាចឈ្នះបានអាសនៈ មេឃុំ ចៅសង្កាត់ ស្ទើរទូទាំងប្រទេស ។ នេះជាដំណើរការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខិតខំកសាង អស់រយៈពេល ២០ ឆ្នាំមកហើយ ។
ជាមួយគ្នានោះ លោក ស សុខា ក៏សូមអរគុណដូចគ្នាដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោត តាមឆន្ទៈរៀងៗខ្លួន ជាពិសេសបានចូលរួមធ្វើ ឱ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ លោកក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ សម្របសម្រួលដំណើរការរៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) មន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរ៕/V