ដោយៈ យោធិន / កំពង់ចាមៈ ប្រជាពលរដ្ឋ ឃុំរកាគយ និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានសមិទ្ធផលថ្មីមួយទៀត គឺស្ពានបាឡេ ឆ្លងកាត់ព្រែកដំណាក់ល្អិត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា។
ប្រជាពលរដ្ឋទាំងពីរឃុំខាងលើ បាននាំគ្នាមកអបអរសមិទ្ធផលថ្មី ស្ពានបាឡេដែលពួកគាត់ ទើបទទួលបាននេះ យ៉ាងអធឹកអធម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស ។
សូមបញ្ជាក់ថាៈ ស្ពានបាឡេថ្មី ដែលទើបកសាងរួចនេះ មានឈ្មោះថា ស្ពានសាមគ្គី ដំណាក់ល្អិត ដែលដឹកនាំកសាងដោយលោក ឧត្តមសេនីយ៍ឯក គង់ អៀង ទីប្រឹក្សាសម្តេច តេជោ អនុប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ មានបណ្តោយ ៥៤ ម៉ែត្រ ទទឹង ៤,២ ម៉ែត្រ មានបំពាក់អំពូលភ្លើង ប្រើថាមពលព្រះអាទិត្យ ជាច្រើនអំពូលទៀតផង ។
ថ្លែងក្នុងពិធីសម្ពាធនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថាៈ សមិទ្ធផលថ្មីៗ ដែលប្រជាពលរដ្ឋ ឃុំរកាគយ និងឃុំពាមជីកង ទទួលបានជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាលនេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាព រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ធ្វើឱ្យសេដ្ឋកិច្ចជាតិ មានការរីកចំរើនជាលំដាប់។
លោក ហង់ជួន ណារ៉ុន បានផ្តាំផ្ញើប្រជាពលរដ្ឋមួលដ្ឋាន ឱ្យរួមគ្នាថែរក្សាសមិទ្ធផល ក្នុងមូលដ្ឋាន និងខិតខំរួមគ្នាថែរក្សា ការពារសុខសន្តិភាព អោយបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗទៀត ។
ក្នុងពិធីសម្ពាធនេះដែរ លោក ហង់ជួន ណារ៉ុន ក៏បានជម្រាបជូន ប្រជាពលរដ្ឋថា សំរាប់ឆ្នាំ ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាល នឹងជួយស្ថាបនាស្ពានបេតុង មួយកន្លែងទៀត ដែលមានទទឹង ៩,៩០ ម៉ែត្រ និងបណ្តោយ ១៥០ ម៉ែត្រ ជូនប្រជាពលរដ្ឋមូលដ្ឋាន ឃុំអង្គរបាន ស្រុកកងមាសផងដែរ។
យោងតាមរបាយការណ៍មូលដ្ឋាន ក៏ដូចជា ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក គង់ អៀង បានឱ្យដឹងថា ស្ពានសាមគ្គីដំណាក់ល្អិតនេះ ជាស្ពានឆ្លងកាត់ព្រែក ស្ថិតនៅចន្លោះ ភូមិដំណាក់ល្អិត ឃុំរកាគយ និងភូមិដំណាក់ជ្រៃ ឃុំពាមជីកង។ ក្នុងដំណើរការសាងសង់ ក្រៅពីថវិការបស់សម្តេចតេជោ ក៏មានការចូលរួមជួយជាឈើគគីរ សំរាប់ក្រាលស្ពាននេះ ពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
ប្រភពដដែល បានបញ្ជាក់ទៀតថាៈ មុនទទួលបានស្ពាននេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ជួបការលំបាកបំផុត ព្រោះត្រូវធ្វើដំណើរឆ្លងកាត់ ស្ពានចាស់នោះ ដែលជាស្ពាន ធ្វើអំពីឈើ មានទទឹងតែជាងមួយម៉ែត្រប៉ុណ្ណោះ។
ប្រជាពលរដ្ឋមូលដ្ឋាន បានសំដែងទឹកចិត្តរីករាយថាៈ តាមរយៈស្ពានថ្មីនេះ នឹងជួយសំរួល ឱ្យដំណើរការកសាងជីវភាពរស់នៅរបស់ពួកគាត់ បានងាយស្រួល និងធូរធារឆាប់រហ័ស។
ក្នុងពិធីសម្ពោធនេះ វិស្វករ និងកងកំលាំងក្នុងកងវិស្វកម្ម ក្រសួងការពារជាតិ ដែលមានស្នាដៃ ក្នុងការស្ថាបនាផ្លូវស្ពាន កន្លងមកនោះ ទទួលបានគ្រឿងឥស្សរិយយស ពីរាជរដ្ឋាភិបាល ដែលបំពាក់ជូនដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៕/V