​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ បាន​ជួប​សំណេះសំណាល​ជាមួយ មន្ត្រី​មន្ទីរ​ពាណិជ្ជ កម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តកំពង់ស្ពឺ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​សមិទ្ធផល និង​ស្នាដៃ ក្នុងការ​បំពេញភារកិច្ច តាម​តួនាទី ដែល​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ សម្រេចបាន​កន្លងមក ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការបំពេញភារកិច្ច ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ ព្រមទាំង​កិច្ចសហការ​ល្អ ជាមួយ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​អង្គភាព​មន្ទីរ ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​

​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ថាៈ វិស័យ​ពាណិជ្ជកម្ម បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ដល់​ការរក្សា​នូវ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​បើក​ច្រក​ទីផ្សារ​បន្ថែម រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) កិច្ចព្រមព្រៀង​សេរី​កម្ពុជា​-​កូរ៉េ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច រវាង​កម្ពុជា​-​ហុង​គ្រី ការចុះហត្ថលេខា​ទ្វេភាគី លើ​អនុស្សរណៈ ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ និង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ជាច្រើន​ផ្សេងទៀត​។​

​លោក​បាន​បន្ថែមថាៈ ក្រសួង​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជួយ​សម្រួល ដល់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា តួយ៉ាង​ដូចជា ការធ្វើប្រតិភូកម្ម​នូវ​មុខងារ មួយចំនួន ជា​បន្តបន្ទាប់ ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ រួមមាន ការធ្វើប្រតិភូកម្ម នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ ឌី (D) សម្រាប់​នាំចេញ​កសិផល ដល់​មន្ទីរ​ពាណិជ្ជកម្ម​ដែល​ជាប់​ព្រំដែន ដើម្បី​សម្រួល​ដល់​អាជីវករ ធ្វើការ​នាំចេញ​កសិផល និង​បន្តធ្វើ​ការបណ្តុះ​ប​ណា្ត​ល ដល់​មន្ត្រីរាជការ មន្ទីរ​ពាណិជ្ជកម្ម មួយចំនួនទៀត ជាមុន ទាំង​កម្រិត​ជំនាញ នៃ​វិធាន​ដើមកំណើត​ទំនិញ ក៏​ដូច​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ផងដែរ​។​

​លើសពីនេះ ក្រសួង​បាន​កសាង​លិខិតបទដ្ឋាន​គតិ​យុទ្ធ​ជាច្រើន រួមមាន ច្បាប់​ស្តីពី​ពាណិជ្ជ កម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ហើយក៏​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ច្បាប់ និង​ឯកសារ​គតិយុត្តិ​មួយចំនួន រួមមាន សេចក្តីព្រាងច្បាប់ ស្តីពី​កិច្ចសន្យា​ពាណិជ្ជកម្ម និង​សេចក្តីព្រាងច្បាប់​ភ្នាក់ងារ​ពាណិជ្ជកម្ម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​ការងារ​សំខាន់ៗ និង​ជាការ​ងារ អាទិភាព ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ​ទាំងអស់ ត្រូវ​បន្ត បដិបត្តិ​ឱ្យបាន​ខ្ជ​ប់​ខ្ជួន ដើម្បី​បំពេញការងារ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​លទ្ធផល កាន់តែ​ល្អប្រសើ ក្នុងនោះ រួមមាន មន្ត្រី​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ពង្រីក​ចំណេះដឹង ខ្លួន​បន្ថែមទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការសិក្សា​បន្ថែម ការស្រាវជ្រាវ និង​ដកស្រង់​នូវ​បទពិសោធន៍ ពី​មន្ត្រី​ដែលមាន​សមត្ថភាព និង​ជាពិសេស រួមសហការ​គ្នា ចុះ​ត្រួតពិនិត្យ​ទំនិញ ដែល​ខូចគុណភាព នៅលើ​ទីផ្សារ ឱ្យ​កាន់តែ​ស្វាហាប់ ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ ក៏ដូចជា ការពារ​សុខភាព​បងប្អូន កូនចៅ​របស់ខ្លួន ឯង​ដែរ​, បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​អា​ជីករ ពាណិជ្ជករ ផលិតករ អ្នក​នាំចេញ និង​សេវា​ផ្សេងៗ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម ស្តីពី​កម្រង​សេវាសាធារណៈ រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ត្រូវ​បន្ត​ជំរុញ​ពង្រឹង​បន្ថែម យន្តការ​តាមដាន និង​ត្រួតពិនិត្យ​ការគ្រប់គ្រង​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ​-​អង្ករ ប្រេងឥន្ធនៈ និង​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ នៅតាម​ព្រំដែន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ជំរុញ​យន្តការ​ដោះស្រាយ​បញ្ហា​ដល់​កសិករ ផលិតករ​។​ល​។ ៕/V​