ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ នេះ អំពី​ការរកឃើញ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែលមាន​ជំងឺ​អុត​ស្វា នៅ​រាជធានី​ភ្នំពេញ ។​

​ក្រសួងសុខាភិបាល បាន​ពណ៌នា​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថាៈ ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​អាជ្ញាធរ​សុខាភិបាល​ថៃ កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ស្ដីអំពី​លទ្ធភាព​នៃ​ការ​គេចខ្លួន របស់​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​អាជ្ញាធរ​សុខាភិបាល​ថៃ បានធ្វើ​រោគវិនិច្ឆ័យ ឃើញ​មាន​វិជ្ជមាន​វីរុស​អុត​ស្វា (Monkey pox) ធ្វើដំណើរ​ឆ្លង​ព្រំដែន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​មក ថ្នាក់ដឹកនាំ និង​មន្ត្រី​ឆ្លើយតប​បន្ទាន់ នៃ​ក្រសួងសុខាភិបាល រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល រាជធានី​-​ខេត្ត​ទាំងអស់ បានធ្វើ​សកម្មភាព ជាបន្ទាន់ ដោយបាន​ត្រួតពិនិត្យ និង​ស្វែងរក អ្នកជំងឺ​អុត​ស្វា ដែលជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ រហូតមកដល់​វេលា​ម៉ោង​ប្រហែលជា ១៧:៣០​នាទី​ល្ងាច នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ជាតិ និង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត បាន​រកឃើញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ ដែល​កំពុងតែ​ស្នាក់នៅ​ផ្ទះសំណាក់​មួយ នៅ​ផ្លូវ​លេខ ៤៣០ សង្កាត់​ទួល​ទំ​ពួ​ង (​ម្តុំ​ផ្សារ​ដើមថ្កូវ​) ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​បន្តថាៈ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា រូបនេះ មានឈ្មោះ អូស​ម៉ុង ស៊ី​ហា​ហ្ស៊ី​រី​ម (OSMOND CHIHAZIRIM) អាយុ ២៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ A10414328 ជា​អ្នកទេសចរ និង​មាន​ប្រវត្តិ នៃ​ការធ្វើដំណើរ ចូលមក​ទឹកដី​ថៃ កោះ​ភូ​កេ​ត នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​។ បច្ចុប្បន្ន អ្នកជំងឺ​អុត​ស្វា ខាងលើនេះ ត្រូវបាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ចាត់ចែង​ដឹក​តាម​រថយន្ត​សង្គ្រោះបន្ទាន់ បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​នេះ នៅវេលា​ម៉ោង ១៩:១០​នាទី រួចរាល់​ហើយ​។​

​ដើម្បី​ការពារ​ការចម្លង​នៃ​វីរុស​អុត​ស្វា ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នកជំងឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងអស់ ដាក់ខ្លួន​នៅ​ដោយឡែក ហើយ​ស្វែងរក​ការពិនិត្យ​សុខភាព ឬ​ជូន​ព័ត៌មាន មក​ក្រុមគ្រូពេទ្យ ដែល​នៅ​ជិត​លោកអ្នក ឬ​ជូន​ព័ត៌មាន​ទៅ​លេខ ១១៥ ដើម្បី​ទទួលបាន​ការជួយជ្រោមជ្រែង ពិនិត្យ​សុខភាព ស្វែងរក​ការចម្លង​បន្ត និង​ដើម្បី​ចូលរួម​កាត់ផ្តាច់​ខ្សែចម្លង​វីរុស អុត​ស្វា​នេះ​បាន​ទាន់ពេល វេលា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​វិធានការ​ការពារ ការចម្លង​វីរុស​អុត​ស្វា ដែល​ក្រសួង​បានចេញ សេចក្ដីណែនាំ​ជារឿយៗ ជាពិសេស មិនត្រូវ​ប៉ះពាល់​ជាមួយ អ្នកជំងឺ​អុត​ស្វា ជាមួយ​សត្វព្រៃ និង​ត្រូវ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ព្រមទាំង​រក្សា​អនាម័យ​ដៃ និង​អនាម័យ​ខ្លួនប្រាណ ឱ្យបាន​ស្អាត ដោយ​ឧស្សាហ៍​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល និង​ស្វែងរក​ការពិនិត្យ​ព្យាបាល ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​។​

​ក្រសួងសុខាភិបាល នឹង​បន្តធ្វើ​ការជូនដំណឹង ដល់​សាធារណជន អំពី​ការវិវត្តន៍​នៃ​បញ្ហា សុខភាព តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ របស់​ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ មាន​សម្ភារ​អប់រំ​សុខភាព ដែល​អាច​ទាញ​យកមក​មើល និង​ប្រើប្រាស់​បាន​៕/V