ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិសំខាន់ៗ បានកើតឡើង ។ ក្នុងនោះ មានសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងករណីបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ត្រូវបានរកឃើញ នៅភ្នំពេញ ជាដើម។
១- គណបក្សប្រជាជនកម្ពុជា ណែនាំដល់មន្ត្រីរបស់ខ្លួនទាំងអស់ បន្តខិតខំបម្រើប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម
សន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១៦ និងថ្ងៃទី១៧ ខែកក្កដា សម្រេចបានជោគជ័យ និងផ្លែផ្កា គួរអោយកត់សម្គាល់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា នៅតែណែនាំដល់មន្ត្រី របស់ខ្លួនទាំងអស់ រួមគ្នាលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្ស ដោយបន្តជំរុញអនុវត្ត កម្មវិធីនយោបាយនានា ដោយឥតថមថយ និងខិតខំបម្រើប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម។
២-រដ្ឋាភិបាលជប៉ុន ប្រកាសធ្វើកិច្ចសហការ ជួយកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឱ្យទទួលបានជោគជ័យ
រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំកម្ពុជា បានអះអាងចំពោះប្រមុខ ការទូតកម្ពុជា ថាប្រទេសជប៉ុន នឹងបន្តជួយជ្រោមជ្រែង ដល់ប្រទេសកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត នៅលើទឹកដីកម្ពុជា នាដើមខែសីហា ខាងមុខ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ភាគីជប៉ុន និងកម្ពុជា ក៏បានផ្លាស់ប្តូរទស្សនទៅវិញទៅមក សំដៅជំរុញបង្កើន កិច្ចសហការទ្វេភាគី ក៏ដូចជាការរៀបចំផែនការ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ត្រីការបរទេសជប៉ុន មកកាន់កម្ពុជា និងការរៀបចំពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ប្រាក់យ៉េនរបស់ជប៉ុន មកកាន់កម្ពុជា នាពេលខាងមុខផងដែរ។
៣- ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គ្រោងដាក់ឱ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅដើមខែតុលា ឆ្នាំ២០២២ នេះ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញត្រួតពិនិត្យ វឌ្ឍនភាព ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា។ ការសាងសង់ ផ្លូវល្បឿនលឿន មកដល់ពេលនេះ បានសម្រេច ៩៥ ភាគរយ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ហើយគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅដើមខែតុលា ឆ្នាំ២០២២ នេះ។ ប្រជាពលរដ្ឋ អាចធ្វើដំណើរលើផ្លូវ Highway ដំបូងបំផុតនេះ ដោយមិនបង់ថ្លៃ ក្នុងរយៈពេល ១ខែដំបូងផងដែរ។ ចាប់ពីខែវិច្ឆិកាតទៅ ក្នុងឡាន ១គ្រឿង ត្រូវបង់ថ្លៃ ចាប់ពី ១២ដុល្លារ រហូតដល់ ៦០ដុល្លារ ក្នុងពេលធ្វើដំណើរ ម្តងពីភ្នំពេញ-ក្រុងព្រះសីហនុ។
៤- កម្ពុជា រំពឹងខ្ពស់លើការនាំចេញ ផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ផ្លែមៀនប៉ៃលិន នឹងអាចនាំចេញ ទៅកាន់ប្រទេសចិន បាននៅក្នុងឆ្នាំនេះ។ ក្តីរំពឹងនេះ ធ្វើឡើង ដោយសារតែអគ្គរដ្ឋបាល គយចិន បានវាយតម្លៃចុងក្រោយ ឃើញថា ផ្លែមៀនប៉ៃលិន របស់កម្ពុជា មានគុណភាពល្អ និងមិនមានសមាសភាពចង្រៃ ដែលប្រទេសចិន ហាមឃាត់នោះទេ។
៥-សកលវិទ្យាល័យ គ្រើក ប្រកាសផ្តល់អាហារូបករណ៍ ៤០កន្លែង ដល់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសថៃ
សកលវិទ្យាល័យ គ្រើក (Krirk) តាមរយៈលោក ក្រាស៊ែ ឆាណៈវង្ស សកលវិទ្យាធិការ នៃសកលវិទ្យាល័យ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការ គ្រោះមហន្តរាយអាស៊ី ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ដោយបានប្រកាសផ្តល់អាហារូបករណ៍ ៤០ កន្លែង ឱ្យសិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសថៃ។ ក្រៅពីនេះ លោក ក្រាស៊ែ ឆាណៈវង្ស ក៏បានស្នើសុំអនុសាសន៍ និងជម្រាបពីបច្ចុប្បន្នភាព នៃការវិវត្តន៍ចុងក្រោយរបស់ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ជូនសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។
៦-គណៈប្រតិភូជាន់ខ្ពស់ មកពី ៣៨ប្រទេស នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅកម្ពុជា នៅដើមខែសីហាខាងមុខ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ដ្រីការ បរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២នេះ បានត្រៀមរៀបចំរួចរាល់ហើយ។ តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងរៀបចំធ្វើចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ នៅកម្ពុជា ដោយមានវត្តមានគណៈប្រតិភូជាន់ខ្ពស់ មកពី ៣៨ប្រទេស ចូលរួមរាប់ទាំង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏ដូចជា មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេស ដែលជាដៃគូរបស់អាស៊ា នលើកទី១ និងបណ្តាមន្ត្រីជាន់ខ្ពស់ នៃប្រទេសជាដៃគូ របស់អាស៊ានផ្សេងទៀត មកពីមជ្ឈឹមបូព៌ា និងអឺរ៉ុបផងដែរ។
៧- អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ពិនិត្យមើលថែដើមឈើ នៅតាមដងផ្លូវ និងសួនសាធារណៈអភិបាលរាជធានីភ្នំពេញ បានជំរុញអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យមើលថែដើមឈើ គ្រប់ប្រភេទ ដែលបានដាំរួច នៅតាមដងផ្លូវ និងសួនសាធារណៈនានា ជាពិសេសត្រូវបំផុស ឲ្យពលរដ្ឋ ចេះស្រលាញ់ និងមើលថែដើមឈើ។ ការជំរុញបែបនេះ បានធ្វើឡើង ក្នុងពិធីដាំដើមឈើ អបអរសាទររុក្ខទិវា ថ្ងៃ៩កក្កដា នៅបរិវេណវត្តភ្នៀតសិម្ពលី ក្នុងខណ្ឌកំបូល នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
៨-ប្រទេសមីយ៉ាន់ម៉ា បានសម្រេចជាផ្លូវការហើយ មិនបញ្ជូនអ្នកតំណាងមិនមែនកម្រិត នយោបាយ មកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជានោះទេ
នៅទីបំផុតទៅ ប្រទេសប្រទេសមីយ៉ាន់ម៉ា បានសម្រេចជាផ្លូវការហើយថា ខ្លួននឹងមិនបញ្ជូន អ្នកតំណាងមិនមែនកម្រិតនយោបាយ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាដើមខែសីហា ខាងមុខទេ។ ការសម្រេចបដិសេធ របស់មីយ៉ាន់ម៉ានេះ ធ្វើឡើងក្រោយពេលរដ្ឋ ជាសមាជិកអាស៊ានទាំង ៩ ផ្សេងទៀត បានមូលមតិគ្នា មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ មកចូលរួមប្រជុំនោះទេ ដោយអនុញ្ញាតអោយត្រឹមតែអ្នកតំណាង មិនមែនកម្រិតនយោបាយ អោយមកចូលរួម ជំនួស។ ហេតុផល គឺប្រទេសមីយ៉ាន់ម៉ា ឬប្រទេសភូមា មិនបានធ្វើអោយមានភាព ប្រសើរឡើង នូវការឯកភាព ៥ចំនុច ដែលប្រទេសនេះ សន្យាថា នឹងធ្វើរួមគ្នា ជាមួយអាស៊ាន។
៩-ព្រឹទ្ធសភាកម្ពុជា បដិសេធទាំងស្រុង ចំពោះខ្លឹមសារច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ របស់ព្រឹទ្ធសភាអាមេរិក
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា កាលពីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានចេញ សេចក្តីថ្លែងការណ៍ ឆ្លើយតបទៅគណៈកម្មការកិច្ចការបរទេស នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានអនុម័ត ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ នាពេលថ្មីៗនេះ។ ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានព្រឹទ្ធសភាកម្ពុជា ចាត់ទុកថា ព្រឹទ្ធសភាអាមេរិក ធ្វើឡើង ដោយផ្អែកលើហេតុផល ភូមិសាស្ត្រនយោបាយ ជាងគុណតម្លៃសិទ្ធិមនុស្ស។
១០-បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ត្រូវបានរកឃើញ នៅផ្ទះសំណាក់មួយ នៅភ្នំពេញ
បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នោះ ត្រូវបានកម្លាំងសមត្ថកិច្ច រកឃើញ និងឃាត់ខ្លួន នៅព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងផ្ទះសំណាក់ ពណ៌មាស ម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញ របស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ នេះជាករណីដំបូងហើយ ដែលរកឃើញអ្នកជំងឺអ៊ុតស្វា នៅក្នុងប្រទេសកម្ពុជាយើង។ បុរសនីហ្សេរីយ៉ា ដែលកើតជំងឺ អុតស្វានោះ ត្រូវបានធ្វើរោគវិនិច្ឆ័យ ដោយអាជ្ញាធរសុខាភិបាលថៃ ហើយបានគេចខ្លួន តាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕/V