ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជា លោក យី វាសនា ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានបង្ហាញ​នូវ​ជំនឿ​ថា ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា នឹង​អាច​បំបែក​កំណត់ត្រា​មេដាយ​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​លោក​បង្ហាញ​នូវ​សុទិដ្ឋិនិយម​បែបនេះ ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​ជនពិការ​កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​គម្រោង ដែល​នឹង​ចេញដំណើរ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ដើម្បី​ចូលរួម​ប្រកួត​កី​ឡ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ដែល​ឥណ្ឌូនេស៊ី ព្រម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពី​វៀតណាម លុបចោល​ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​។​

​បន្ទាន់​ពី​ការមើលឃើញ​ពី​ការប្ដេជ្ញា​ចិ​ត្ដ​ខ្ពស់​របស់​កីឡាករ កីឡាការិនី​ម្នាក់ៗ ដែល​ខំប្រឹង​ហ្វឹកហាត់​តាំងពី​ឆ្នាំ​២០២០ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ថ្នាក់ដឹកនាំ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ជឿជាក់ថា បេសកកម្ម​នេះ​កម្ពុជា​នឹងមាន​មេដាយមាស​យ៉ាងតិច ៣​គ្រឿង ដ្បិត​កាល​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី កម្ពុជា​ដណ្ដើមបាន​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥ ប៉ុណ្ណោះ​។​

​លោក យី វាសនា បាន​បន្ដថា ខ្ញុំ​រំពឹងថា កំណត់ត្រា​ចាស់​របស់​យើង ឆ្នាំ​២០១៧ យើង​នឹងមិន​ចម្លង​នោះទេ យើង​នឹង​រៀបចំ​បំបែក​ឯក​ត្ត​កម្មនេះ ឲ្យ​មាន​កំណត់ត្រា​ថ្មី ដែល​ខ្ញុំ​រំពឹង​មាន​មេដាយមាស ៣ ប្រាក់ ១០ និង​សំរឹទ្ធ ១៥​។ ការលើក​ដូច្នេះ ព្រោះ​ខ្ញុំ​មើលឃើញ​សកម្មភាព​ហ្វឹកហាត់​របស់​ពួកគាត់ ស្ទើរ​គ្មាន​ពេល​សម្រាក​។ អ្វីដែល​សំខាន់ ពួកគាត់​ប្ដេជ្ញាចិត្ត​ថា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុមគ្រួសារ​របស់គាត់​ខក​ចិត្ត​ជាមួយ​ការប្ដេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ឡើយ​។​

​សូមបញ្ជាក់ថា កម្ពុជា​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​សរុប​ចំនួន ១៦៦​នាក់ ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ នា​ចុងខែ​កក្កដា​នេះ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី ១១៥​នាក់ លើ​១១​ប្រភេទ​កីឡា រួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់ បោះ​ជនពិការ បាល់ទាត់​ម្ខាង​៧​នាក់ វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​បូ​ស្យា ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​សរុប​ចំនួន ១៣៣​វិញ្ញាសា ពោលគឺ​មានការ​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​កម្ពុជា​ប្រកួត​តែត្រឹម​ជាង ៦០​វិញ្ញាសា​ប៉ុណ្ណោះ​។​

​បេ​កស​កម្មនេះ​នឹង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។ រីឯ​ក្រុម​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា នឹងត្រូវ​ធ្វើដំណើរ​តាម​យន្ដហោះ​ពិសេស នៃ​ក្រុមហ៊ុន Sky Angkor Airlines ដែល​ប្រកាស​ផ្ដល់​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ដល់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា បន្ទាប់ពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានអនុញ្ញាត​ឲ្យ​មាន​យន្ដហោះ​ដឹកជញ្ជូន​ពិសេស​ផ្ទាល់​ពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​សូ​ឡូ ដែលជា​កន្លែង​ប្រកួត​៕​