ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ AFF U18 WOMEN’S CHAMPIONSHIP 2022 យប់ថ្ងៃទី២៤កក្កដានេះ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី។
ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង៧កន្លះយប់ នាកីឡាដ្ឋាន GELORA SRIWIJAYA នាទីក្រុងប៉ាឡាំបាង។ នេះជាការប្រកួតលើកទី២ របស់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ។
ការប្រកួតលើកទី១ កាលពីថ្ងៃទី២២កក្កដា ក្រុមនារីកម្ពុជាចាញ់ក្រុមថៃ០ទល់៤ ពេលនេះកម្ពុជាត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ ដែលពោរពេញដោយអ្នកគាំទ្រ។ ទោះបីនិន្នាការបាល់ទាត់សព្វថ្ងៃការលេងក្រៅដី និងក្នុងទឹកដីវាជាបញ្ហាធម្មតាក៏ពិតមែន តែការប្រកួតលើទឹកដីដែលគ្មានអ្នកគាំទ្រ និងម្ខាងទៀតជាម្ចាស់ផ្ទះ វាតែងតែប៉ះពាលខ្លះៗដល់អារម្មណ៍។
បន្ទាប់ពីការប្រកួតនេះទៅ កម្ពុជានៅសល់២ប្រកួតទៀត គឺជួបជាមួយក្រុមវៀតណាមថ្ងៃទី២៨កក្កដា និងជួបចុងក្រោយជាមួយក្រុមសឹង្ហបូរីថ្ងៃទី៣០កក្កដា។ សូមជូនពរដល់ក្រុមកម្ពុជា ជួបសំណាងល្អក្នុងការប្រកួតទី២នេះ៕