ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី បាន​និយាយថា លោក​បាន​មើលឃើញ​ពី​ពន្លឺ នៃ​ការរីកចម្រើន​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា បន្ទាប់ពី​អនុវត្ត​ជា​ដំណាក់កាលៗ​រួចមក​។​

​ដំណាក់កាល​ទី​១​គឺ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​វៀតណាម​ដែល​កាលនោះ​ក្រុម​កម្ពុ​ជាមាន​ការលំបាក​យ៉ាងខ្លាំង​ហើយ​ដំណាក់កាល​ទី​២​គឺ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍ 2022 AFF Women’s Championship នៅ​ប្រទេស​ហ្វីលីពីន​ដោយ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងចំណោម ៤​ប្រកួត ឈ្នះ​១ ស្មើ​១ និង​ចាញ់​២​។

​យើង​មើលឃើញ​ពី​ពន្លឺ​នៃ​ការរីកចម្រើន​បាល់ទាត់​យើង​មួយ​ជំហាន ហើយ​យើង​គិតថា ការល្អប្រសើរ​នេះ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​ឲ្យ​បានល្អ​បំផុត​នៅ​ថ្ងៃ​អនាគត​។​ជារួម​ទាំង​ស្មារតី គុណ​ផល ក៏ដូចជា​ស្មារតី​ក្រុម​ទាំងមូល ឆន្ទៈ​កីឡាការិនី​ម្នាក់ៗ​គឺ​បានល្អ​ប្រសើរ​។​

​ប្រភេទ​កីឡាបាល់ទាត់​វិញ្ញាសា​បាល់ទាត់​នារី​ជា​ផ្លូវការ​នឹង​មានមុខ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣​នៅ​កម្ពុជា​បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF) កាលពីពេល​ថ្មីៗ​។​

​វា​នឹង​ក្លាយជា​ការបង្ហាញ​ខ្លួន​លើក​ទី​២ សម្រាប់​បាល់ទាត់​នារី​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នេះ គ្រា​ដែល​លើក​ទី​១ គឺ​នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ពេលនោះ នារី​កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម និង​ហ្វីលីពីន​។ សម្រាប់​ផែនការ​ដំណាក់កាល​ទី​៣ នឹង​ត្រូវបាន​រៀបចំឡើង​ដើម្បី​ត្រៀមខ្លួន​ពិតប្រាកដ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ក្នុង​គម្រោង​លោក​ចង់​មានការ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន រយៈពេល​យូរ​។ នេះ​ជា​គម្រោង​តាំងពី​មុន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​ក្រៅពីនេះ​គឺ​លោក​បាន​
​មើលឃើញ​ពី​ចំនុច​ខ្វះខាត​របស់​កីឡាការិនី​ម្នាក់ៗ និង​ការកែតម្រូវ​។ ជាពិសេស​គឺ​ការ​សម្លឹង​ឃើញ​ក្នុង​ការកោះហៅ​កីឡាការិនី​កូនកាត់​ខ្មែរ​បរទេស មកជួយ​បំពេញបន្ថែម​។​

​លោក​បន្ដថា ដំណាក់កាល​បន្ទាប់ គឺ​យើង​រង់ចាំ​ព័ត៌មាន​ជាក់លាក់​ពី​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស គឺ​ប្រទេស​ចិន​ហើយ​យើង​ក៏មាន​គម្រោង​ក្នុងការ​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ​នេះ ដោយមាន​គម្រោង​ការរៀប​ចំ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅក្នុង​ប្រទេស​ការប្រមូល​ផ្ដុំ​នៅក្រៅ​ប្រទេស ពង្រឹងគុណភាព​លី​គ​បាល់ទាត់​នារី​។ នេះ​សុទ្ធតែជា​រឿង​ដែល​យើង​ត្រូវធ្វើ​។ បញ្ហាសំខាន់​មួយទៀត យើង​ត្រៀម​ធ្វើការ​ស្វែងរក​កីឡាការិនី​ខ្មែរ​កាត់​បរទេស​នៅឯ​ក្រៅប្រទេស​ផងដែរ ហេតុនេះ​ដំណាក់កាល​ទី​៣ គឺជា​ដំណាក់កាល​អភិវឌ្ឍ​សម្រាប់​គោលដៅ​ឆ្នាំ​២០២៣​តែម្ដង​។ ដូច្នេះ​ភារកិច្ច​របស់​យើង​គឺ​យើង​នៅសល់​រយៈពេល​១០​ខែ ដើម្បី​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​លោក​ទទួលស្គាល់​អំពី​ចំណុច​ខ្វះខាត​របស់​កូនក្រុម​ថា អ្វីដែល​យើង​កែតម្រូវ​លើ​ចំនុច​ខ្វះខាត​នោះ គឺពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ នឹង​ច​រឹក​រួម​គឺ​យើង​បង្កើត​ការប្រកួត​អន្តរជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពួកគាត់​មានបទពិសោធន៍​ក្នុង​ការប្រកួត​អន្តរជាតិ​។ ទី​២​ចំពោះ​យុទ្ធសាស្ត្រ គឺ​យើង​បានល្អ​ប្រសើរ​ច្រើន ទាំង​ទម្រង់​នៃ​ការការពារ ក៏ដូចជា​ទម្រង់ការ​ប្រយុទ្ធ​។​
​ពេលនេះ​កីឡាការិនី​យើង​ម្នាក់ៗ​យល់បាន​ច្រើន​ក៏ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ធំ​បំផុត គឺ​បញ្ហា​បច្ចេកទេស​ផ្ទាល់ខ្លួន​ម្នាក់ៗ គុណ​ផល​ម្នាក់ៗ ទាំង​ការបញ្ចប់​ទី ទាំង​កា​រប​ញ្ចូ​ន​បាល់ និយាយ​រួម​កម្រិត​គុណ​ផល​ម្នាក់ៗ​ដែល​យើង​ត្រូវមាន​រយៈពេល​ជាក់លាក់​ដើម្បី​កែតម្រូវ​ពួកគាត់​ឲ្យ​បាន​ច្រើន​។ ដោយសារ​ការរៀប​ចំក​ន្ល​ង​មក យើង​មាន​រយៈពេល​តិចតួច ដូច្នេះ​យើង​មិនទាន់​មានឱកាស​អភិវឌ្ឍ​លើ​កម្រិត​បច្ចេកទេស​ជំនាញ​ម្នាក់ៗ​នៅឡើយ​។ មួយទៀត​គឺ​ថាមពល​កម្លាំង កម្លាំង​គឺ​យើង​ខ្វះខាត​សម្ភារ​មួយចំនួន​បម្រើ​ឲ្យ​ការហ្វឹកហាត់​កម្លាំង ដូច្នេះ​យើង​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​យើង​បង្កើន​ការហ្វឹកហាត់​កម្លាំង​បន្ថែមទៀត​។​

​បច្ចុប្បន្ន​យើង​ខ្វះ​គុណភាព​ខ្សែប្រយុទ្ធ​ដូច្នេះ​អ្វី ដែល​យើង​យក​ពួកគាត់​មក​គឺ​ផ្ដោត​សំខាន់​ទៅលើ​ការប្រយុទ្ធ​ហើយ​ណាមួយ​ទៀត យើង​រក​ខ្សែបម្រើ​ទៀតផង​។ និយាយ​រួម​កូន​ខ្មែរ​បរទេស​ទាំងអស់ ទាំង​ប្រយុទ្ធ ទាំង​បម្រើ និង​ការពារ យើង​ត្រូវការ​ទាំង​៣​ប្រភេទ​៕​