ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​លើ​វិស័យ​អចលនៈទ្រព្យ មាន​ភាព​រីកចំរើន​ខ្លាំងក្លា នាពេល​បច្ចុប្បន្ននេះ មាន​កត្តា​២​យ៉ាង នោះ​គឺ​កត្តា​សន្តិភាព និង​មាន​ស្ថេរភាព​នយោបាយ ដែល​កម្ពុជា ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន នាក​យ​រដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រឹងប្រែង​រកបាន​មក​ដោយ​លំបាក​។​

​ការបញ្ជាក់​បែបនេះ​រប​ស់លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​
​ពិធី​បើកសម្ពោធ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន ឡា​ម៉េ​ហ្សុ​ង ផ្លា​ហ្សា របស់​ក្រុមហ៊ុន​ខេ​ម​បេ​ស្តេ​ក មេ​នេ​ច​ម៉ិ​ន ខូ អិ​ល​ធី​ឌី នៅ​សាលប្រជុំ ដឺ ព្រេ​មៀ សេន​ធ័​រ សែន​សុខ ខណ្ឌ​សែន សុខ​រាជធានី​ភ្នំពេញ​។​

​លោក​កើត ឆែ បាន​មានប្រសាសន៍​លើកឡើងថា​៖ ការបើក​សម្ពោធ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន​ខាងលើនេះ ពិតជា​បានបង្ហាញ​អោយឃើញ​ពី​ភាពជោគជ័យ​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ ដោយបាន​គៀងគរ អ្នកវិនិយោគ អោយមក​វិនិយោគ​នៅ​កម្ពុជា អោយមាន​ការរីកចំរើន ។ ៤៣​ឆ្នាំនេះ​ភ្នំពេញ បាន​ប្រែ​មុខមាត់​ថ្មី​តាមរយៈ​ការអភិវឌ្ឍ ។​

​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បន្តទៀតថា​៖ ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​វិស័យ​អចលនៈទ្រព្យ មាន​ភាព​រីកចំរើន​ខ្លាំងក្លា គឺ​ផ្តើមចេញ​មកពី​កត្តា​២​យ៉ាង នោះ​គឺ កត្តា​សន្តិភាព និង​កត្តា​ស្ថេរភាព​នយោបាយ​។ លោក​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា បើ​គ្មាន​សន្តិភាព​ពេញលេញ​ទេ គឺ​គ្មាន​នរណា​ហ៊ាន​មក​បណ្តាក់ទុន​រកស៊ី​នោះទេ ។ គេ​មិនអាច​យកលុយ​មករក​ស៊ី​ដោយ​ភាព​ប្រថុយប្រថាន​នោះទេ ។ ចំពោះ​កត្តា​ស្ថេរភាព​នយោបាយ​វី​ញ កម្ពុ​ជាមាន​តាំងពី​ឆ្នាំ​១៩៩៨ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ដែល​ធ្វើអោយ​កំណើនសេដ្ឋកិច្ច​ចេះតែ​កើនឡើង ក្នុង​រង្វង់​៧​ចុច ក្នុង​រយៈពេល​៣០​ឆ្នាំ លើកលែងតែ បរិបទ​កូ​វីដ​-១៩ រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ។ កត្តា​ទាំង​២​នេះ នឹង​ធ្វើអោយ​កម្ពុជា​ដើរ​លើ​នាវា​អភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស​។​

​លោក​កើត ឆែ បាន​មានប្រសាសន៍​បន្តទៀតថា ៖ វិស័យ​ឯកជន ជា​ដៃគូរ​មិនអាច​ខ្វះ​បានជា​មួយ​រាជរដ្ឋាភិបាល ។ ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ​ជាមួយ​វិស័យ​ឯកជន រាជរដ្ឋាភិបាល តែង​បង្កើត​ឡើងជា​វេទិកាសាធារណៈ​ជា​រៀងរាល់ឆ្នាំ​ជាមួយ​វិស័យ​ឯកជន​។​

​លោក អេង លី​ឃ័ង នាយក​ក្រុមហ៊ុន​ខេ​ម​បេ​ស្តេ​ក មេ​នេ​ច​ម៉ិ​ន ខូ អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា​៖ គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន ឡា​ម៉េ​ហ្សុ​ង ផ្លា​ហ្សា មាន​ទីតាំង​ជិត​រង្វង់​មូល​អ​ប្សា​រា គល់ស្ពាន​ព្រែក​ព្នៅ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដែល​អាច​ផ្តល់ឱកាស​អោយ​ធុរជន អាចធ្វើ​ធុរកិច្ច​នៅក្នុង​គេហដ្ឋាន​របស់ខ្លួន​នៅក្នុង​មណ្ឌល​ពាណិជ្ជកម្ម​ក្រ​កប​ដោយ​ប្រសិទ្ធភាព​៕​