ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការផ្ទុះជំងឺអុតស្វាកាន់តែរាលដាលនៅជាង៧០ប្រទេសជាស្ថានភាព«ពិសេសមិនធម្មតា»មួយដែលត្រូវបានចាត់ទុកថាជា«ស្ថានភាពគ្រាអាសន្នសកល»មួយ នេះបើតាមការប្រកាសរបស់ប្រធានអង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃសៅរ៍ ។វាជាការប្រកាសមួយដែលនឹងជំរុញការវិនិយោគបន្ថែមនៅក្នុងការព្យាបាលជំងឺដ៏កម្រនេះ និងក៏ជួយបង្កើនកិច្ចខិតខំបង្កើតវ៉ាក់សាំងការពារ។
អគ្គនាយកWHOលោកតេដ្រូស អាតហាណូម ហ្គេប្រេយេស៊ូស និយាយក្នុងសន្និសីទកាសែតមួយនៅក្រុងព្រុចសែល កាលពីខែកុម្ភៈ ឆ្នាំ២០២២
ស្ថានភាពគ្រាអាសន្នសកលមួយជាការព្រមានកំរិតខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក តែវាមិនមានន័យថាជំងឺណាមួយស្ថិតក្នុងស្ថានភាពនេះចម្លងឬសម្លាប់មនុស្សយ៉ាងពិសេសនោះទេ។វាស្រដៀងគ្នានឹងការប្រកាសស្ថានភាពគ្រាអាសន្ននៃជំងឺហ្ស៊ីកា(Zika)នៅឆ្នាំ២០១៦នៅអាម៉េរិកឡាទីន កិច្ចខិតខំជាបន្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺស្វិតដៃជើង(ប៉ូលីយ៉ូ) ជំងឺកូវីដ១៩និងការផ្ទុះជំងឺអេបូឡានៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ២០១៤ផងដែរ ។
អគ្គនាយកWHOលោកតេដ្រូស អាតហាណូម ហ្គេប្រេយេស៊ូស(Tedros Adhanom Ghebreyesus)បានសំរេចប្រកាសជំងឺអុតស្វាជាស្ថានភាពគ្រាអាសន្នសកលមួយ ទោះជាខ្វះការមូលមតិគ្នាមួយក្នុងចំណោមអ្នកជំនាញការនៅគណៈកម្មាធិការស្ថានភាពគ្រាអាសន្នរបស់ទីភ្នាក់ងារនេះក្តី។
វាជាលើកដំបូងដែលប្រធានាទីភ្នាក់ងារសុខភាពមួយនេះធ្វើការសំរេចចិត្តជាឯតោភាគីដូច្នេះដោយគ្មានការយល់ព្រមទូទៅពីអ្នកជំនាញការ។
លោកតេដ្រូសបាននិយាយថា «យើងមានការផ្ទុះជំងឺមួយដែលឆ្លងរាលដាលនៅជុំវិញពិភពលោកយ៉ាងលឿនតាមរយៈការចម្លងម៉ូតថ្មីៗ ដែលយើងយល់ដឹងតិចតួចនៅឡើយ។ខ្ញុំដឹងថាវាមិនជាដំណើរការងាយស្រួលមួយនិងមានទស្សនៈខ្វែងគ្នា»។
នាយកស្ថានភាពគ្រាអាសន្នរបស់WHO លោកបណ្ឌិត មីសែល រ៉ាយអឹន(Michael Ryan)បាននិយាយថាលោកអគ្គនាយកបានប្រកាសចាត់ទុកជំងឺអុតស្វាជាស្ថានភាពគ្រាអាសន្នសកលមួយដើម្បីធានាថាពិភពលោកយកចិត្តទុកដាក់ការផ្ទុះជំងឺនេះដោយហ្មត់ចត់។
សូមបញ្ជាក់ថា ទោះជាអ៊ុតស្វានេះមានវត្តមានរាប់ទសវត្សរ៍មកហើយនៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិកខាងលិចនិងកណ្តាល ក៏គេមិនដែលឮថាវាផ្ទុះនៅផ្នែកផ្សេងទៀតនៃពិភពលោកហួសពីអាហ្វ្រិក ឬចម្លងទូទៅក្នុងចំណោមមនុស្សទេរហូតដល់ខែឧសភាឆ្នាំនេះ ពេលដែលអាជ្ញាធររកឃើញអ្នកកើតជំងឺនេះរាប់សិបនាក់នៅអឺរ៉ុប អាម៉េរិកខាងជើងនិងកន្លែងដទៃទៀត។
កាលពីខែមុន គណៈកម្មាធិការអ្នកជំនាញការរបស់WHOបាននិយាយថា ការផ្ទុះជំងឺអុតស្វាមិនទាន់ដល់កំរិតប្រកាសថាជាស្ថានភាពគ្រាអាសន្នអន្តរជាតិមួយទេ តែគណៈកម្មាធិការនេះបានជួបប្រជុំម្តងទៀតនេះសប្តាហ៍នេះដើម្បីវាយតំលៃស្ថានការណ៍ជាថ្មី។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក មានអ្នកកើតអុតស្វាជាង១៦.០០០នាក់នៅជាង៧៤ប្រទេសចាប់តាំងពីខែឧសភាមក តែអ្នកស្លាប់ដោយជំងឺនេះមាននៅតែអាហ្វិកប៉ុណ្ណោះ។អ្នកជំនាញការកំពូលនៅWHOលោកបណ្ឌិត រ៉ូសាមុនដ៍ ឡេវីស(Rosamund Lewis)បាននិយាយថា អ្នកឆ្លងជំងឺនេះ៩៩ភាគរយនៅក្រៅអាហ្វ្រិកជាបុរសនិងថា៩៨ភាគរយជាបុរសស្រឡាញ់ភេទដូចគ្នា។ពួកអ្នកជំនាញការសង្ស័យថា ការផ្ទុះអុតស្វានៅអឺរ៉ុបនិងអាម៉េរិកខាងជើងឆ្លងរាលដាលតាមការរួមភេទចេញពីពិធីស៊ីផឹករាំច្រៀងសប្បាយចំនួនពីរនៅបែលហ្ស៊ិចនិងអេស្ប៉ាញ៕
អាម៉េរិកដែលបារម្ភខ្លាចក្រែងជំងឺនេះក្លាយជាកាមរោគថ្មី បានរាយបានរកឃើញអ្នកកើតអុតស្វាជាង២.៨០០នាក់ និងបានបញ្ជូនវ៉ាក់សាំងជាង៣៧០.០០០ដូសទៅកាន់បណ្តារដ្ឋដែលបានរាយការណ៍អំពីការរកឃើញអ្នកកើតអុតស្វា