ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ពលរដ្ឋអាម៉េរិកពីរនាក់បានស្លាប់កាលពីពេលថ្មីៗនៅតំបន់ដុនបាសនៅអ៊ុយក្រែនខាងកើត នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកម្នាក់កាលពីថ្ងៃសៅរ៍។
ដោយមិនបានបញ្ជាក់ថាតើអ្នកទាំងពីរស្លាប់ដោយរបៀបណា អ្នកនាំពាក្យគ្រាន់តែបាននិយាយថា រដ្ឋាភិបាលអាម៉េរិកបានទាក់ទងទៅគ្រួសារអ្នកបាត់បង់ជីវិតនិងបានផ្តល់ជំនួយឧបត្ថម្ភ។
សូមបញ្ជាក់ថា អ៊ុយក្រែនបានស្ថិតក្រោមការវាយប្រហារពីកងកម្លាំងរុស្ស៊ីអស់ជិតប្រាំខែមកហើយនៅក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងមូស្គូហៅថា«ប្រតិបត្តិការយោធាពិសេស»មួយដើម្បីដកអាវុធចេញពីអ៊ុយក្រែននិងកំចាត់ចោលគំនិតជាតិនិយមប្រឆាំងរុស្ស៊ីជំរុញឡើងដោយលោកខាងលិច។
ជនជាតិអាម៉េរិកនិងទាហានស៊ីឈ្នួលជាច្រើនបានស្ម័គ្រចិត្តទៅរួមប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន ទោះជាមានការព្រមានកុំអោយកាន់អាវុធចូលសមរភូមិក្តី។ជនជាតិអាម៉េរិកម្នាក់បានសម្លាប់ក្នុងការប្រយុទ្ធកាលពីខែឧសភា ក្រោយបានចូលរួមជាមួយយុទ្ធជនបរទេសរាប់ពាន់នាក់ដើម្បីជួយអ៊ុយក្រែនតទល់នឹងកងកម្លាំងរុស្ស៊ី។
យុទ្ធជនបរទេសរាប់ពាន់នាក់បានធ្វើដំណើរទៅចូលរួមប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនទល់នឹងទាហានរុស្ស៊ី
ព័ត៌មានស្តីការស្លាប់ជនជាតិអាម៉េរិកនៅតំបន់ប្រយុទ្ធគ្នានៅអ៊ុយក្រែនខាងកើតនេះកើតឡើងចំពេលគណៈប្រតិភូសភាអាម៉េរិកមួយបានជួបប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី នៅទីក្រុងគៀវកាលពីថ្ងៃសៅរ៍ ដើម្បីធានាអំពីការបន្តគាំទ្ររបស់អាម៉េរិកក្នុងការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី។
គណៈប្រតិភូនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « សហរដ្ឋអាម៉េរិក រួមជាមួយសម្ពន្ធមិត្តនិងដៃគូនៅជុំវិញពិភពលោក ឈរនៅជាមួយអ៊ុយក្រែនក្នុងការផ្តល់ជំនួយសេដ្ឋកិច្ច យោធានិងមនុស្សធម៌។យើងនឹងបន្តស្វះស្វែងរកវិធីគាំទ្រប្រធានាធិបតីហ្សេលេនស្គី និងប្រជាជនអ៊ុយក្រែនអោយមានប្រសិទ្ធភាព នៅពេលពួកគេបន្តបង្ហាញសេចក្តីក្លាហានរបស់គេ»។
ដំណើរទស្សនកិច្ចបង្ហាញការគាំទ្រនេះកើតឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអាម៉េរិកកាលពីថ្ងៃពុធបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ឌរ៉ុក្កែតចល័តខ្ពស់ចំនួនបួនឈុតទៀតរួមទាំងដ្រូបអត្តឃាតរាប់រយគ្រឿងទៅកាន់អ៊ុយក្រែន ដែលនឹងធ្វើអោយអាម៉េរិកផ្តល់សព្វាវុធប្រទេសនេះដល់អ៊ុយក្រែនឡើងដល់១៦គ្រឿង៕