ដោយ​: សុ​ផានី​តា / កោះកុង​: ព្រះរាជអាជ្ញា​ខេត្តកោះកុង បាន​ណែនាំ​ដល់​ក្រុមយុវជន​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ត្រូវ​ចេះ​ធ្វើខ្លួន​ជា​ពលរដ្ឋ​ល្អ និង​ប្រឹងប្រែង​រៀនសូត្រ​ឱ្យបាន​ពូកែ ប្រសិនបើ​ពួកគេ​មាន​ចំណង​ចង់​ក្លាយជា​អ្នកច្បាប់​ដែរ​។​

​ការពន្យល់​បង្ហាញ​រប​ស់លោក រស់ សា​រាំ ព្រះរាជអាជ្ញា​ខេត្តកោះកុង នៅពេលនេះ​ធ្វើឡើង​អំឡុងពេល​ក្រុមយុវជន​នៅ​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី បាន​ទស្សនៈកិច្ច​ស្វែង​យល់ដឹង​អំពី​វិស័យ​យុត្តិធម៌​នៅ​សាលាដំបូង និង​អម​អយ្យការ​សាលាដំបូង​ខេត្តកោះកុង​។​

​លោក រស់ សា​រាំ បន្ថែម​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​ថា ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍ និង​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ គឺ​អាស្រ័យទៅលើ​មេដឹកនាំ​ប្រទេស​បុ​ិ​ន​ប្រសប់ និង​ធនធានមនុស្ស​ពូកែៗ ទើប​ធ្វើឱ្យ​ប្រទេសជាតិ​រុងរឿង​រីកចម្រើន​ដូច​បច្ចុប្បន្ន​។ ដូច្នេះ​យុវជន ដែលជា​ទំពាំង​ស្នង​ឬ​ស្សី គប្បី​ចាំបាច់​ធ្វើខ្លួន​ពលរដ្ឋ​ល្អ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ និង​ចៀស​ឆ្ងាយ​ការសេព​គ្រឿងញៀន ក្រុម​បងតូច​បងធំ និង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​។​

​លោក​ព្រះរាជអាជ្ញា​ខេត្តកោះកុង ក៏​បង្ហាញ​ដល់​ក្រុមយុវជន​ឃុំ​ជ្រៃ​ជាច្រើន​អំពី​តួនាទី​ចៅក្រម ព្រះរាជអាជ្ញា មេធាវី និង​ក្រឡាបញ្ជី ដែល​បំពេញការងារ​ផ្នែក​ច្បាប់​នៅ​ស្ថាប័ន​តុលាការខេត្ត ដើម្បីឱ្យ​កាន់តែ​យល់ច្បាស់​ពី​ដំណើរការ​សវនាការ​។ ប្រសិនបើ​ពួកគេ​មានបំណង​ចង់​ក្លាយខ្លួនជា​អ្នកច្បាប់​ទៅ​ថ្ងៃមុខ​។​

​គួរ​ជម្រាប​ថា លោក ជិន ម៉ា​លីន រដ្ឋលេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​ក្រុមយុវជន​រស់នៅ​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី មក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​អំពី​អ្វី​ទៅ​ការអនុវត្ត​ច្បាប់​លើ​ប្រព័ន្ធយុត្តិធម៌ នៅ​មូលដ្ឋាន​ខេត្តកោះកុង រយៈពេល​៣​ថ្ងៃ​។​

​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​យុវជន​ឃុំ​ជ្រៃ ត្រូវបាន​លោក មីនា មករា ប្រធាន​សាលាដំបូង​ខេត្ត និង​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​ខេត្តកោះកុង បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​លេង​កីឡាបាល់ទាត់​រួមគ្នា ក្នុងន័យ​រឹង​ចំណងមិត្តភាព​របស់​អ្នកច្បាប់ និង​យុវជន​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខណៈ​ថ្នាក់ដឹកនាំ​ប្រព័ន្ធតុលាការ​ខេត្តកោះកុង ជា​ក្រុមការងារ​ចុះ​មូលដ្ឋាន​ភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ​។​
​លោក តឹង សុវត្ថិ ជា​អ្នកដឹកនាំ​ក្រុមយុវជន​ឃុំ​ជ្រៃ បានបង្ហាញ​អារម្មណ៍​ថា រូបលោក និង​ក្រុមយុវជន​ឃុំ​ជ្រៃ ពិតជា​មានចិត្ត​សប្បាយរីករាយ​ដែល​ស្វែងយល់​អំពី​ស្ថាប័ន​តុលាការ​នៅ​ខេត្តកោះកុង និង​លេង​កីឡា​មិត្តភាព​រវាង​យុវជន​នៅ​តុលាការខេត្ត និង​យុវជន​ឃុំ​ជ្រៃ នេះ​ជា​លើកដំបូង​ហើយ​។​

​លោក សុវត្ថិ យល់ថា ទស្សនកិច្ច​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​យុវជន​របស់លោក បាន​យល់ដឹង​ពី​តួនាទី​របស់​ចៅក្រម ព្រះរាជអាជ្ញា មេធាវី និង​ក្រឡាបញ្ជី ពេល​បើកសវនាការ​ជម្រះ​ក្តី​នីមួយៗ​។ យុវជន​ដែល​មក​ទស្សនកិច្ច​នេះ​និស្សិត​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប្រសិនបើ​ពួកគេ​មានបំណង​ចង់​ធ្វើជា​អ្នកច្បាប់​ពិតប្រាកដ​ពួកគេ​នឹង​ប្រឹងប្រែង​រៀនសូត្រ​៕​