ដោយ​: សុ​ផានី​តា / កោះកុង​: លោក មីន មករា ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ភូមិ​ជ្រៃ​ជើង បាន​ដឹកនាំ​ក្រុមយុវជន​ចំនួន​៤០​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បន្ត​ចុះ​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ទីតាំង​ប្រវត្តិសាស្ត្រ​ចំនួន​២​កន្លែង នៅក្នុង​មូលដ្ឋាន​ខេត្តកោះកុង​។ គ្រា​ទីតាំង​២​កន្លែង​ជាទី​ប្រវត្តិសាស្ត្រ​មិនអាច​បំ​ភ្លេង​បាន​។​

​លោក មីន មករា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​ភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២​ថា ការដែល​លោក​នាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ភូមិ​ជ្រៃ​ជើង​ចំនួន​៤០​នាក់​បន្តទៅ​ទស្សនកិច្ច​សិក្សា​នៅ​វិមាន​អតីត​សព​យុទ្ធជន ស្ថិតនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ គឺ​ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​ពលី​កម្ម​បូជាជីវិត​រំដោះ​ភ្លើងសង្គ្រាម​ក្នុងសម័យ​របស់​យុទ្ធជន​ជំនាន់​មុនៗ​។ ទោះបីជា​ពួកគាត់​បាន​ស្លាប់​យូរណាស់​ហើយក៏​ដោយ យុវជន​ជំនាន់​នេះ​មិន​ភ្លេចគុណ​បំណាច់​ពលី​របស់​ពួកគាត់​បានដែរ​។​

​លោក មីន មករា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ភូមិ​ជ្រៃ​ជើង លើកឡើង​បន្តថា ទំរាំ​ប្រទេស​កម្ពុជា​បាន​សុខសន្តិភាព ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​រុងរឿង​ដូច​សព្វថ្ងៃនេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ពោលគឺ​សុទ្ធតែជា​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ​របស់​រាជរដ្ឋាភិបាល និង​ឥស្សរៈជន​សំខាន់ៗ​ជាច្រើនរូប​ទៀត​។ ដូច្នេះ​យុវជន​ជំនាន់​នេះ និង​ក្រោយៗ​ទៀត​មិនត្រូវ​បំភ្លេច​គុណបំណាច់​របស់​រាជរដ្ឋាភិបាល ឥស្សរៈជន និង​យុទ្ធជន ដែល​បាន​ពលី​កម្ម​សាច់​ស្រស់​ឈាម​ស្រស់​។ ដោយ​យុវជន​ទាំងឡាយ ចូលរួម​ពង្រឹង​ការរៀនសូត្រ និង​ជា​ពលរដ្ឋ​ល្អ​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​ល្អប្រសើរ​។​

​ក្រៅពី​វិមាន​អតីត​សព​យុទ្ធជន លោក មីន មករា ក៏​បន្ត​ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ជ្រៃ ទៅ​ទស្សនកិច្ច​ភូមិដ្ឋាន​កំណើត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្ថិតនៅ​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​តស៊ូ​បុព្វហេតុ​ដើម្បី​ជាតិ​មាតុភូមិ​របស់​សម្តេច ទៀ បាញ់ និង​លោកតា​ព្រឹទ្ធាចារ្យ សាយ ភូ​ថង និង​ចែក​សៀវភៅ​អំពី​ប្រវត្តិ​ជន​ដែល​ត្រូវគេ​បាញ់ ព្រមទាំង​ទស្សនា​សង្ខេប​កម្រង​រូបភាព​របស់​សម្តេច ទៀ បាញ់ ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី មកកាន់​ទឹកដី​ខេត្តកោះកុង រយៈពេល​៣​ថ្ងៃនេះ ដើម្បី​ស្វែងយល់​ពី​របៀបរបប​ប​ម្រើ​ការងារ​ជា​ចៅក្រម ព្រះរាជអាជ្ញា មេធាវី និង​ក្រឡាបញ្ជី នៅ​សាលាដំបូង​ខេត្តកោះកុង​។ និង​លេង​កីឡាបាល់ទាត់​ជា​លក្ខណៈ​សាមគ្គី មិត្តភាព​រវាង​ក្រុមយុវជន​តុលាការ និង​យុវជន​ឃុំ​ជ្រៃ​។ ក្រៅពីនេះ ពួកគេ​ក៏បាន​ដើរ​កម្សាន្ត​នៅ​ទីតាំង​រមណីយដ្ឋាន​សំខាន់​ផ្សេង​នៅក្នុង​ខេត្តកោះកុង រួមមាន​៖ ចេតិយ​ឃុន​ឆាង​ឃុន​ផែន ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង និង​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ជាដើម​៕​