ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: បុរស​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ដេកស្លាប់​នៅក្បែរ​ទ្រុងមាន់ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២២​។ បើ​យោងតាម​ការ សន្និដ្ឋាន​របស់​សមត្ថ​កិច្ច គឺ​បណ្ដាលមកពី​ឆក់​ខ្សែភ្លើង​។​

​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ជនរងគ្រោះ​មានឈ្មោះ សាត សៀង​ហៃ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បុរស​រូបនោះ​ទើប​រៀបការ​ប្រពន្ធ​ហើយ​តែ​ជាង​៣​ខែ​ប៉ុណ្ណោះ​។

​បើ​យោងតាម​ប្រភព​ដែល​បាន​ស្រង់​សម្ដី ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ បាន​បាត់​ខ្លួន​តាំងពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី ២៣ ខែកក្កដា ដោយ​មិនមាន​នរណា បានដឹងថា ទៅ​ទីណា​នោះឡើយ​ស្រាប់តែ​ព្រឹក​ឡើង ទើបបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្បែរ​ទ្រុងមាន់​បែបនេះ​ទៅវិញ​ជាមួយគ្នា​នោះ គេ​ក៏​បានឃើញ​ត្វ​មាន់​២​ក្បាល និង​គីង្គក់​១​ក្បាល​បាន​ឆក់​ងាប់​ក្បែ​គ្នា​នោះ​ផងដែរ​។​

​ក្រោយ​ការពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ព្រោះ​ពិនិត្យឃើញ​ខ្សែភ្លើង​ដែល​ជនរងគ្រោះ​ដោត​បំភ្លឺ​ពេល​មក​មើល​មាន់ ឃើញ​មាន​មុខតំណ ហើយ​ប៉ះ​ជាប់​នឹង​ដំបូល​ស័ង្កសី​ទ្រុងមាន់​ទើប បណ្ដាល​ឲ្យ​ឆក់​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​។

​ក្រោយ​ការពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​បាន​ធ្វ់​កំណត់ហេតុ​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕​