ប្រែសម្រួលៈបំណង(Xinhua,BLOOMBERG)៖ ក្នុងសន្និសីទកាសែតមួយរបស់ក្រុមបង្ការនិងគ្រប់គ្រងកូវីដ១៩កាលពីថ្ងៃសៅរ៍ អ្នកជំនាញការនិងពួកមន្ត្រីចិនបានអះអាងថាវ៉ាក់សាំងកូវីដ១៩ផលិតនៅចិនមានសុវត្ថិភាពនិងប្រសិទ្ធភាព ហើយបើតាមលោកចេង យីស៊ីន(Zeng Yixin)នៅគណៈកម្មាធិការសុខាភិបាលជាតិបានបញ្ជាក់ថា មេដឹកនាំរបស់ខ្លួនទាំងអស់បានទទួលវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុកដោយសារតែពួកលោក«មានជំនឿខ្ពស់»លើវ៉ាក់សាំងផលិតក្នុងស្រុក ។
លោកក៏បានដោះស្រាយការព្រួយបារម្ភជុំវិញការចាក់វ៉ាក់សាំងចិន ដោយថាវាមិនបង្កជំងឺ ដូចជារោគកោសិកាសនិងទឹកនោមផ្អែមដូចពាក្យចចាមអារ៉ាមទេ។
ក្រសួងការបរទេសចិនកន្លងមកបានបដិសេធអំពីឋានៈវ៉ាក់សាំងរបស់លោកប្រធានាធិបតីស៊ី ហើយការទម្លាយអោយដឹងនេះទំនងជាចង់បង្ហាញគុណប្រយោជន៍នៃវ៉ាក់សាំងចិន ព្រមទាំងភាពជឿនលឿនខាងវិទ្យាសាស្ត្រ។
លោកចេង យីស៊ីនបានអោយដឹងថា តាំងពីមុនមក ប្រជាជនចិន៩២,១ភាគរយ បានទទួលវ៉ាក់សាំងដូសទីមួយ ៨៩,៧ភាគរយចាក់បានពីរដូសពេញលេញនិង៧១,៧ភាគរយបានទទួលដូសជំរុញ។តែក្នុងចំណោមអ្នកមានអាយុ៦០ឆ្នាំឡើង ៨៩,៦ភាគរយបានទទួលវ៉ាក់សាំងមួយដូស ៨៤,៧ភាគរយចាក់បានពីរដូស និង៦៧,៣ភាគរយបានចាក់ដូសជំរុញ។
លោកចេងបានបន្ថែមថា «មេដឹកនាំបក្សនិងរដ្ឋទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងវីរុសកូរ៉ូណា ដោយប្រើវ៉ាក់សាំងផលិតក្នុងស្រុក»ហើយចិនបច្ចុប្បន្នក៏កំពុងធ្វើការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងវីរុសអូមីក្រុងតាមផ្លូវបច្ចេកទេសជាច្រើន។
ហ្វេង ហ្ស៊ីជាំង (Feng Zijian) អនុប្រធាននិងជាអគ្គលេខាសមាគមវេជ្ជសាស្ត្របង្ការចិនបានប្រាប់សន្និសីទកាសែតថា «វ៉ាក់សាំងចិននៅតែអាចការពារអ្នកឆ្លងមិនអោយកើតកូវីដធ្ងន់ធ្ងរនិងស្លាប់ បង្កឡើងដោយវីរុសអូមីក្រុង»។
លោកបានបន្តថា ចិនកំពុងជំរុញការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសអូមីក្រុងយ៉ាងឆាប់រហ័សផងដែរ។
ចំណែកលោក វ៉ាង ហ្វ៊ុយសេង នៅបណ្ឌិតសភាវិទ្យាសាស្ត្រចិន បាននិយាយថា វ៉ាក់សាំងកូវីដ១៩របស់ចិនមិននាំអោយកើតរោគកោសិកាសនិងជំងឺទឹកនោមផ្អែមទេ។លោកថា សារធាតុក្នុងវ៉ាក់សាំងមានសុវត្ថិភាពសំរាប់មនុស្សនិងមិនបង្កជំងឺដោយផ្ទាល់ទេ ហើយមានការធានាអំពីសុវត្ថិភាពគ្រប់គ្រាន់និងទទួលស្គាល់ពីបណ្តាអង្គការអន្តរជាតិថែមទៀត៕
ស្ត្រីវ័យ៨៩ឆ្នាំទទួលវ៉ាក់សាំងផលិតក្នុងស្រុកនៅទីក្រុងប៉េកាំងកាលពីថ្ងៃ១៣កក្កដា