ដោយ បូកគោ/កំពតៈក្រុមអ្នកលក់ដូរនៅរមណីយដ្ឋានទឹកឈូបានបញ្ជាក់ថា ការបើកបង្ហូរទឹកចេញពីអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយមិនបានបង្កការរំខានដល់ភ្ញៀវដែលមកកម្សាន្តឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពីបានបើកទ្វារទំនប់វារីអគ្គិសនីកំចាយរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូកាលពីម៉ោង១០:៥០ ព្រឹកថ្ងៃទី២១ ខែកក្កដា ដែលជាការរំដោះទឹកចេញលើកទីពីរនោះ មកដល់ថ្ងៃទី២៤ ខែកក្កដា មិនមានរបាយការណ៍ស្តីពីការបន្តបង្ហូរទឹកចេញទៀតទេ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា នាវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដាកម្រិតទឹកក្នុងអាងមានកម្ពស់១៤៧,៩២ម៉ែត្រ ដោយទឹកហូចូលចំណុះ៨៨,១០ម៉ែត្រត្រីគុណក្នុងមួយវិនាទីខណ:ដែលការផលិតថាមពលមានកម្លាំង៥២,៣០មេហ្កាវ៉ាត់ជាមួយលំហូរទឹកចេញ៥៦,០៦ម៉ែត្រត្រីគុុណក្នុងមួយវិនាទី។

ពាក់ព័ន្ធនឹងការបង្ហូរទឹកពីទំនប់វារីអគ្គិសនីកំចាយនាពេលកន្លងទៅ ស្ត្រីឈ្មោះសោភ័ណ ជាអ្នកលក់ម្ហូបអាហារនៅរមណីយដ្ឋានទឹកឈូបានរៀបរាប់ថាដោយសារមានកិច្ចសហការល្អរវាងក្រុមហ៊ុនជាមួយអាជ្ញាធរគឺរាល់ពេលបើកទ្វាររំដោះទឹកចេញពីអាងតែងមានការជូនដំណឹងជាមុនដើម្បីឱ្យអាជីវករ ក៏ដូចជាភ្ញៀវដែលមកលេងបានដឹង និងប្រុងប្រយ័ត្ន។ ការបើកទ្វារបង្ហូរទឹកពីទំនប់វារីអគ្គិសនីកំចាយមិនបានបង្កជាឧបសគ្គសម្រាប់ភ្ញៀវមកកម្សាន្តនៅរមណីយទឹកឈូទេ។

អាជីវករដដែលបានបន្តថា ក្នុងដំណាក់កាលនៃការបើកទ្វារបង្ហូរទឹកទាំងពីរលើកថ្មីៗនេះ កន្លែងរបស់អ្នកស្រីនៅតែមានភ្ញៀវចូលមកជាហូរហែ ។ ដូច្នេះ ភ្ញៀវទេសចរទាំងអស់កុំមានការភ័យខ្លាចចំពោះការបើកទ្វាររំដោះទឹក និងសូមនាំគ្នាបន្តមកលម្ហែកម្សាន្តនៅទឹកឈូឱ្យបានច្រើនៗផង។

ស្រដៀងគ្នានេះដែរ បុរសជាម្ចាស់អាហារដ្ឋានដែលមានទីតាំងផ្នែកខាងក្រោមក្បែរទំនប់តូចនៃតំបន់វារីអគ្គិសនីបានបញ្ជាក់ថារយ: ពេល ពីរឆ្នាំចុងក្រោយនេះ ផលប៉ះពាល់ ឬករណីគ្រោះថ្នាក់ដោយសារទឹកមិនមានកើត ឡើងទេ ព្រោះអាជីវករបានយល់ដឹងច្រើន ពោលគឺបុគ្គលិកក្រុមហ៊ុនតែងដើរប្រាប់មុនបើកទឹកប្រហែលមួយម៉ោង ហើយសំឡេងស៊ីរ៉ែនបានរោទិ៍រយ:ពេល២០នាទីទើបចាប់ផ្តើម។ គ្រប់អាជីវករសុទ្ធតែមានពោង និងខ្សែសម្រាប់ភ្ញៀវទាញពេលចុះលេងទឹកដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដាខេត្តកំពតទទួលភ្ញៀវសរុបបានចំនួន៣១.៣២៣នាក់។ ក្នុងនោះ រមណីយដ្ឋានទឹកឈូរមាន ១២.៦៩៤នាក់ ដោយទេសចរជាតិមាន ១២.៦១១នាក់ និងភ្ញៀវបរទេសចំនួន៨៣នាក់៕សរន