ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកការទូតកំពូលរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យទី២៤កក្កដាបានធានាជាថ្មីដល់មេដឹកនាំអេហ្ស៊ីបថាការបញ្ជាទិញរបស់ពួកគេសម្រាប់គ្រាប់ធញ្ញជាតិរុស្ស៊ីនឹងត្រូវឆ្លើយតប ខណៈគាត់ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាហ្វ្រិក ដែលពឹងផ្អែកលើការនាំចូលសម្រាប់ការផ្គត់ផ្គង់អាហាររបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសលោក សឺហ្គេ ឡាវរ៉ូវ បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអេហ្ស៊ីបលោក សាមេ សោគ្រី (Sameh Shoukry) ថា”យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកនាំចេញផលិតផលធញ្ញជាតិរុស្ស៊ីដើម្បីបំពេញតាមការបញ្ជាទិញរបស់ពួកគេពេញលេញ”។
“ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់លើរឿងនេះក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះជាមួយប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi)”។
ដំណើរទស្សនកិច្ចរបស់លោកឡាវរ៉ូវធ្វើឡើងភ្លាមៗក្រោយពីមានកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលរុស្ស៊ីនិងអ៊ុយក្រែនបានចុះហត្ថលេខាកាលពីថ្ងៃសុក្រជាមួយអង្គការសហប្រជាជាតិនិងតួកគីក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីការបិទការដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ។
គ្រាប់ធញ្ញជាតិចន្លោះពី ២០ លានទៅ ២៥ លានតោនត្រូវបានរាំងស្ទះនៅក្នុងកំពង់ផែអ៊ុយក្រែនចាប់តាំងពីកងទ័ពរុស្ស៊ីបានលុកលុយកាលពីខែកុម្ភៈខណៈអ៊ុយក្រែនបានដាក់ពង្រាយមីនលើសមុទ្រដើម្បីទប់ស្កាត់ការលុកលុយតាមឆ្នេររបស់ខ្លួន៕
លោកឡាវរ៉ូវ ជួបរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក សាមេ សោគ្រី កាលពីថ្ងៃអាទិត្យ