ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃអាទិត្យទី២៤កក្កដាចិនបានបាញ់បង្ហោះយានមន្ទីរពិសោធន៍មួយក្នុងចំណោមយានមន្ទីរពិសោធន៍ចំនួនពីរដើម្បីបំពេញការសាងសង់ស្ថានីយអវកាសគោចរអចិន្ត្រៃយ៍របស់ខ្លួន។
យាន វ៉េនឆាន(Wentian) ត្រូវបានបាញ់បង្ហោះពីកោះហៃណាន ដោយមានហ្វូងអ្នកថតរូបនិងអ្នកចូលចិត្តលំហអាកាសជាច្រើនឈរមើល។ រចនាឡើងសម្រាប់ការពិសោធវិទ្យាសាស្ត្រនិងជីវវិទ្យា យាននេះត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March 5B remote 3 និងបានចំណាយពេលប្រហែលប្រាំបីនាទីក្នុងការហោះហើរមុនពេលវាចូលគន្លងតារាវិថី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរផ្លូវការ។
យានមន្ទីរពិសោធន៍ទីពីរ ហៅថាម៉េងឆាន( Mengtian) នឹងត្រូវបាញ់បង្ហោះនៅខែតុលា ហើយយានទាំងពីរនឹងចូលរួមជាមួយស្ថានីយអវកាសធៀនហ្គង( Tiangong)។អវកាសយានិកបីនាក់កំពុងរស់នៅក្នុងយានស្នូលរួចទៅហើយ ហើយនឹងត្រួតពិនិត្យការមកដល់និងការចូលចតនៃមន្ទីរពិសោធន៍។
វាជាការបាញ់បង្ហោះលើកទី៣ហើយចាប់តាំងពីស្ថានីយអវកាសចិនចូលដល់ដំណាក់កាលសាងសង់។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងក្រោយការបាញ់បង្ហោះយានដឹកទំនិញធៀនចូវ( Tianzhou) និងយានសិនចូវ-១៤( Shenzhou-14) ។
កម្មវិធីអវកាសរបស់ចិនគឺដំណើរការដោយយោធារបស់បក្សកុម្មុយនីស្តកំពុងកាន់អំណាច គឺកងទ័ពរំដោះប្រជាជន ជាហេតុជំរុញឱ្យសហរដ្ឋអាម៉េរិកដកចិនចេញពីស្ថានីយអវកាសអន្តរជាតិ។ ជាលទ្ធផល ចិនភាគច្រើនធ្វើការងារដោយខ្លួនឯងនៅក្នុងកម្មវិធីស្ថានីយអវកាស Tiangong របស់ខ្លួន ដោយសាងសង់និងបន្ទាប់មកបោះបង់ចោលស្ថានីយពិសោធន៍ចំនួនពីរមុនពេលចាប់ផ្តើមឡើងវិញលើស្ថានីយអវកាសចុងក្រោយបង្អស់នេះ។
យានមន្ទីរពិសោធន៍ទម្ងន់ ២៣ តោននេះគឺធ្ងន់ជាងយានណាៗទាំងអស់ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងលំហ នេះបើយោងតាមសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋ៕
យាន Wentian ត្រូវបានបាញ់បង្ហោះពីកោះហៃណានតាមរ៉ុក្កែត Long March 5B remote 3 កាលពីថ្ងៃអាទិត្យ