ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ទីក្រុងបាងកករបស់ថៃកំពុងប្រឈមការផ្ទុះកូវីដ១៩នៅរលកទីប្រាំមួយ ដោយនាំការឆ្លងមួយថ្ងៃជាង១០.០០០នាក់មកកាន់ទីក្រុងនេះជាថ្មី។
នៅពេលថៃកំពុងដកចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ ការចម្លងថ្មីជំរុញឡើងដោយអនុមេរោគអូមីក្រុងBA.5នាំអោយទីក្រុងបាងកកស្ថិតក្នុងការប្រកាសអាសន្នអំពីការផ្ទុះជំងឺនេះមួយជុំទៀត។ក្រុងបាងកកអាចប្រឈមនឹងការឆ្លងរាប់ម៉ឺននាក់នៅពេលការឆ្លងឡើងដល់កំពូលប្រហែលជានៅចុងខែសីហា។
វេជ្ជបណ្ឌិតយ៉ុង ពូវ៉ូរ៉ាវ៉ាន(Yong Poovorawan)ប្រធានមជ្ឈមណ្ឌលវីរុសវិទ្យានៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសកលវិទ្យាល័យជូឡាឡុនកនបាននិយាយថា ក្រុងបាងកកឥឡូវតំណាងអោយការឆ្លងពាក់កណ្តាលនៃការឆ្លងនៅទូទាំងប្រទេស។«នេះជាសញ្ញាមួយបង្ហាញថា ជិតនឹងមានការផ្ទុះកូវីដ១៩រលកថ្មីមួយទៀត។ការផ្កាស់ប្តូរពីអូមីក្រុងBA.2មកអូមីក្រុងBA.5 ស្ថិតនៅពីក្រោយនៃការឆ្លងកើនឡើង»។
ក្រសួងសុខាភិបាលថៃកាលពីព្រឹកថ្ងៃចន្ទទី២៥កក្កដានេះបាននិយាយថា ខ្លួនបានកត់ត្រាឃើញអ្នកស្លាប់ដោយកូវីដ១៩ចំនួន៣២នាក់ទៀត និងអ្នកកើតកូវីដចំនួន១.៧៤០នាក់បានចូលដេកពេទ្យនៅ២៤ម៉ោងកន្លងទៅ។
កាលពីម្សិល ក្រសួងបានប្រកាសអ្នកស្លាប់ចំនួន៣០នាក់ និងឆ្លងថ្មីហើយចូលដេកពេទ្យចំនួន២.៣៩០នាក់។
សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩មានវត្តមាននៅក្នុងព្រះរាជាណាចក្រនេះមក អាជ្ញាធរបានរាយការណ៍អ្នកឆ្លងសរុប ៤.៥៧៧.៥៩៣នាក់ តែជាង៤,៥២លាននាក់បានជាសះស្បើយ និង៣១.១៨៩នាក់ស្លាប់ដោយកូវីដ១៩៕
ប្រជាជនថៃផ្អើលនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នៅមណ្ឌលមួយក្នុងក្រុងបាងកកកាលពីថ្ងៃអាទិត្យទី២៤កក្កដា នៅពេលចំនួនស្លាប់ប្រចាំថ្ងៃដោយកូវីដ១៩កើនឡើង