ដោយ:ភ្នំសន្ទុក/កំពង់ធំ:បុរសម្នាក់ដើរទៅមើលអន្ទាក់ពេលកំពុងភ្លៀងខ្លាំងត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែងកាលពីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។

ជនរងគ្រោះឈ្មោះ ស៊ន សំ អាយុ ៤៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ លាត គីន ត្រូវជាប្រពន្ធសពប្រាប់ថា រូបនាង និងប្ដីរបស់នាងជារៀងរាល់ថ្ងៃតែងនាំគ្នាទៅចម្ការដំឡូងមីនៅខាងកើតភូមិ នៅថ្ងៃកើតហេតុនាង និងប្ដីបានទៅចម្ការដូចសព្វដង ។លុះដល់ម៉ោងកើតហេតុ ផ្ទៃមេឃខ្មៅហើយក៏មានភ្លៀងយ៉ាងខ្លាំងផងនោះ នាងក៏នៅលើខ្ទមចាំចម្ការ។ ឯប្ដីនាងដើរទៅមើលអន្ទាក់ដាក់សត្វនៅខាងលិចខ្ទមចំងាយប្រហែលជា១៥០ម៉ែត្រ ។នាងបានលឺសំឡេងប្ដីស្រែកច្រៀងលេងល្វើយៗ តាមទម្លាប់ ។មួយសន្ទុះក្រោយមកមេឃក៏មានធ្លាក់ភ្លៀងខ្លាំង លាយឡំផ្គររន្ទះ ពេលនោះនាងបានលឺសំឡេងរន្ទះបាញ់ចេញភ្លើងពណ៌ខៀវនៅចំណុចកន្លែងដែលប្ដីនាងច្រៀង ភ្លាមនោះខ្លួនក៏រត់សំដៅមកមើលឃើញប្ដីដួលផ្កាប់មុខលើដី ។នាងបានលើកត្រកងប្ដីមកធ្វើចលនា តែគាត់បានស្លាប់បាត់ទៅហើយ ។ដោយមិនអស់ចិត្តក៏ទូរស័ព្ទហៅបងប្អូនក្នុងភូមិនាំគ្នាមកដឹកយកគាត់ទៅមណ្ឌលសុខភាពសាលាវិស័យ ទៅដល់គ្រូពេទ្យពិនិត្យនឹងប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយមិនអាចសង្គ្រោះបានទេ ។

កម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ គ្រូពេទ្យមណ្ឌលសុខភាពឃុំសាលាវិស័យ បានចុះពិនិត្យដល់ទីកន្លែងកើតហេតុ និងសាកសព ។

ក្រៅពីការពិនិត្យ និងធ្វើកោសលវិច័យ មិនមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ តាមការស្រាវជ្រាវស៊ើបអង្គតព័ត៌មានជុំវិញកន្លែងកើតហេតុ និងការពិនិត្យសាកសព សន្និដ្ឋានសពស្លាប់ដោយសារ រន្ទះបាញ់ពិតប្រាកដមែន៕សរន