ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្នុងអំឡុងពេលកន្លះឆ្នាំ (ឆមាសទី១ ឆ្នាំ២០២២) កន្លងមកនេះ ពលករខ្មែរជាង ៧ ម៉ឺននាក់​ បានធ្វើមាតុភូមិនិវត្តិ៍ តាម ៤ ច្រក ( ច្រករបៀង និងច្រកផ្លូវការ) នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ស្តីពីពលករវិលត្រឡប់ ពីប្រទេសថៃចូលមកកម្ពុជាវិញ នៅក្នុងអំឡុងពេលឆមាស១ ឆ្នាំ២០២២ នេះ បានឱ្យដឹងថាៈ
ពលករ-ពលការិនីកម្ពុជា បញ្ជូនមកពីប្រទេសថៃ ចំនួន ៧៤.១៤៨ នាក់ (ស្ត្រី ៣០.២៩៨ នាក់) កុមារ ៩.០៧៧ នាក់ (កុមារី ៤.៣១៤ នាក់)។

របាយការណ៍នេះ បានឲ្យដឹងថាៈ ក្នុងចំណោមពលករ -ពលការិនីកម្ពុជា ដែលបានបញ្ជូនមក ពីប្រទេសថៃ ទាំង ៧៤.១៤៨ នាក់ ក្នុងនោះ រួមមាន តាមច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន ៣៧.៣២៣ នាក់, តាមច្រកម៉ាឡៃ (សំដៅច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ច្រករបៀងចំបក់ និងច្រករបៀងផ្សេងទៀត) នៃស្រុកម៉ាឡៃ ចំនួន ៩.៥១២នាក់។ ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ចំនួន ១.៩៧០ នាក់ និងច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ចំនួន ២៥.៤៤៣ នាក់។

យោងមន្ត្រីក្រុមការងារចម្រុះ​ ប្រចាំច្រកព្រំដែនដូចខាងលើ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដាថាៈ តាំងពីក្នុងអំឡុង មុននិងក្រោយបុណ្យចូលឆ្នាំខ្មែរ, មុននិងក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) មក ចំនួនពលករ ខ្មែរធ្វើការ នៅប្រទេសថៃ ហើយធ្វើមាតុភូមិនិវត្តន៍ មកស្រុកកំណើត មានចំនួនធ្លាក់ចុះ គឺមានតែពី ៣០ ទៅ ១០០ នាក់ ក្នុង១ថ្ងៃៗ នៅតាមច្រកនីមួយៗ ។ ពោលគឺ ថយចុះច្រើន បើប្រៀបធៀបនឹងពេលមុនៗ ដែលមានពី ១៥០ ទៅ ៣០០ នាក់ ក្នុង១ថ្ងៃ នៅតាមច្រកនីមួយៗ៕/V-PC