រដ្ឋសភា បញ្ចូលសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ
ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅវិមានរដ្ឋសភា ដោយកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ និងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភា នឹងពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការ ជាប្រក្រតី នៃស្ថាប័នជាតិ។
ក្រៅពីសេចក្តីព្រាងច្បាប់ ខាងលើនេះ សម័យប្រជុំរដ្ឋសភា នឹងពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើៈ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេស ម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល។
ចំណែករបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញា ស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយ នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។
នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ កក្កដា ខាងមុខនេះ នឹងប្រកាស ការសម្រេច អំពីសុពលភាព នៃអាណត្តិរបស់ លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌល កណ្តាល ជំនួសលោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព ៕/V