​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​កក្កដា​ថា ការវាយប្រហារ​តាម​អាកាស​លើ​កំពង់ផែ​អូ​ដេសា (Odesa) របស់​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃសៅរ៍ គឺ​វាយ​ចំ​តែ​គោលដៅ​យោធា​ប៉ុណ្ណោះ​ប៉ុន្តែ​ការវាយប្រហារ​នេះ​បាន​សាកល្បង​កិច្ចព្រមព្រៀង​ស្តីពី​ការបន្ត​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​នៅពេល​តិចជាង​មួយ​ថ្ងៃមុន​​ពេល​ការវាយប្រហារ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក អ៊ី​ហ្គ័​រ កូណា​សិន​កូវ (Igor Konashenkov)​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​បំផ្លាញ​នាវាចម្បាំង​អ៊ុ​យក្រែន​​ដែល​ចត​ចោល​មួយ​គ្រឿង និង​ឃ្លាំង​ផ្ទុក​មី​ស៊ី​ល​ប្រឆាំង​នាវា Harpoon ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក​។​

​ថ្លែង​កាលពី​យប់​ថ្ងៃ​សៅរ៍​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ប្រចាំ​រាត្រី ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា ការវាយប្រហារ​លើ​ទីក្រុង​អូ​ដេសា​”​បាន​បំផ្លាញ​លទ្ធភាព​នៃ​ការសន្ទនា​​ជាមួយ​រុស្ស៊ី​យ៉ាងខ្លាំង​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ភាពព្រៃផ្សៃ​របស់​រុស្ស៊ី​បាន​នាំឱ្យ​យើង​កាន់តែ​ខិត​ទៅជិត​ការទទួលបាន​អាវុធ​ដែល​យើង​ត្រូវការ​សម្រាប់​ជ័យជម្នះ​របស់​យើង​”​។​

​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ដើម​សប្តាហ៍​មុន​នៅក្នុង​ប្រទេស​តួ​ក​គី​ទាំង​ទីក្រុង​គៀវ​និង​ទីក្រុង​មូ​ស្គូ​បាន​ព្រមព្រៀង​គ្នា​មិន​កំណត់​គោលដៅ​វាយ​លើ​នាវា​​និង​កំពង់ផែ​ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខាងលើ​ទេ រួម​ទាំង​កំពង់ផែ​អូ​ដេសា កំពង់ផែ​ឆឺ​ណូម័​រស​ខ៍ (Chernomorsk) និង​កំពង់ផែ​យូ​ស្នី (Yuzhny)​។​

​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា ការវាយប្រហារ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​មី​ស៊ី​ល​នាំ​ផ្លូវ​ចំនួន​បួន​គ្រាប់ ដែល​ក្នុងនោះ​ពីរ​គ្រាប់​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែន ហើយ​បាន​បញ្ជាក់ថា កន្លែង​ស្តុក​គ្រាប់​ធញ្ញជាតិ​របស់​កំពង់​ផែ​មិន​ត្រូវបាន​វាយប្រហារ​នោះទេ​។​

​រដ្ឋមន្ត្រីក្រសួង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុ​យក្រែន លោក អូ​ឡេកសាន់​ឌឺ គូ​ប្រា​កូវ (Oleksandr Kubrakov) បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​លើ​ហ្វេ​សប៊ុក​ថា​”​យើង​បន្ត​ការត្រៀម​លក្ខណៈ​បច្ចេកទេស​​សម្រាប់​ការចាប់ផ្តើម​ការនាំចេញ​កសិកម្ម​ផល​ពី​កំពង់ផែ​របស់​យើង​”​។​

​ប៉ុន្តែ​ការវាយប្រហារ​បន្ថែមទៀត​នៅក្នុង​និង​ជុំវិញ​កំពង់ផែ​នេះ​ប្រាកដ​ណាស់​គឺ​រំខាន​ដល់​ប្រតិបត្តិការ​និង​ការហោះហើរ​នៅ​ចំពោះមុខ​កិច្ចព្រមព្រៀង​ទម្លាយ​ភាពទាល់ច្រក​ដែល​បាន​ចុះហត្ថលេខា​តែ​​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ហ្សេ​លេន​ស្គី​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​កក្កដា​ថា ការវាយប្រហារ​លើ​ទីក្រុង​អូដេ​សា​បាន​ផ្តល់​សញ្ញា​ថា​ការទូត​ទំនងជា​មិន​នាំមក​នូវ​ដំណោះស្រាយ​ណាមួយ​នៅក្នុង​ជម្លោះ​​ជាមួយ​រុស្ស៊ី​នោះទេ​៕

​កំពង់ផែ​អូដេ​សារង​ការវាយប្រហារ​ពីមី​ស៊ីល​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃសៅរ៍​