ប្រែសម្រួល : កញ្ញាដាលីស (Global Times) ៖ ក្រុមអ្នកឃ្លាំមើលទីផ្សារចិនបានព្យាករណ៍ថា យន្តហោះផលិតក្នុងស្រុករបស់ចិនC919 ដែលបានបញ្ចប់ការហោះហើរសាកល្បងទាំងអស់រួចរាល់ ត្រូវគេរំពឹងថានឹងមានជើងហោះហើរពាណិជ្ជកម្មនៅឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រ។
ក្រុមហ៊ុន Commercial Aircraft Corp of China (COMAC) កាលពីថ្ងៃសៅរ៍ទី២៣កក្កដាបាននិយាយថា យន្តហោះ C919ជិតទទួលបានវិញ្ញាបនប័ត្របន្ទាប់ពីយន្តហោះសាកល្បងចំនួនប្រាំមួយគ្រឿងបានបញ្ចប់ការហោះហើរសាកល្បង។
ក្រុមហ៊ុន COMAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយរបស់ខ្លួនថា យន្តហោះសាកល្បង C919 សរុបចំនួនប្រាំមួយគ្រឿងបានបញ្ចប់ការសាកល្បងដែលបង្ហាញថាយន្តហោះបានឈានចូលដល់ដំណាក់កាលចុងក្រោយនៃការទទួលបានវិញ្ញាបនបត្រពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC)សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម។ “នេះជាការទទួលជ័យជម្នះជាដំណាក់កាលដ៏សំខាន់ក្នុងការអភិវឌ្ឍយន្តហោះ C919″។
លោក វ៉ាង យ៉ាណាន (Wang Ya’nan) និពន្ធនាយកនៃទស្សនាវដ្តី Aerospace Knowledge ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា ការបញ្ចប់ភារកិច្ចសាកល្បងបង្ហាញថា យន្តហោះ C919 បានឈានចូលដំណាក់កាលចុងក្រោយក្នុងការទទួលបានវិញ្ញាបនបត្រហោះហើរ។
បន្ទាប់មក CAAC និង COMAC នឹងធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីនីតិវិធីនិងលទ្ធផលនៃការសាកល្បងហោះហើរកាលពីឆ្នាំមុនៗ ហើយ CAAC នឹងកំណត់ថាតើត្រូវចេញលក្ខណសម្បត្តិសម្រាប់ការហោះហើរឬអត់។ លោកបានបន្ថែមថា នៅពេលណាដែលការហោះហើរសាកល្បងទាំងអស់ត្រូវបានបញ្ចប់ ហើយលទ្ធផលបំពេញតាមលក្ខខណ្ឌតម្រូវនោះលក្ខណៈសម្បត្តិអាចហោះហើរបានអាចនឹងត្រូវបានចេញផ្សាយ។
បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រនៅឆ្នាំ ២០២២ COMAC ត្រូវគេរំពឹងថានឹងអនុវត្តការហោះហើរសាកល្បងនៃផ្លូវពាណិជ្ជកម្មនិងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់អ្នកបើកយន្តហោះនិងបុគ្គលិកពាក់ព័ន្ធ ដែលអាចចំណាយពេលពី ៦ ទៅ ១២ ខែ។
លោកវ៉ាងនិយាយថា “យន្តហោះ C919 រំពឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៣ ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន”៕
យន្តហោះ C919 រំពឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៣ ក្រោយការហោះហើរសាកល្បងបានបញ្ចប់រួចរាល់