​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ KOREA OPEN AEROBIC COMPETITION BY VIRTUAL នោះ ដណ្ដើមបាន​មេដាយ ចំនួន​៤​គ្រឿង​គឺ​ ​មេដាយប្រាក់ ២​គ្រឿង និង មេដាយសំរិទ្ធ ២​គ្រឿង ។ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៣ និង ២៤ កក្កដា ដោយមាន​ប្រទេស​ចំនួន ២៣ ចូលរួម ។​

​លោក ណ​យ ផា​ណា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ បាន​បាន​សរសេរ​នៅក្នុង​បណ្ដាញ សង្គម​របស់លោក ដោយ​ថ្លែងអំណរគុណ ចំពោះ​ការខិតខំ​របស់លោក​គ្រូ អ្នកគ្រូ រួមជាមួយ កូនៗ កីឡាករ កីឡាការិនី ទើប​ធ្វើ​ឲ្យ​ការប្រកួត KOREA OPEN AEROBIC COMPETITION BY VIRTUAL នៅ​ថ្ងៃទី​២៣-២៤ ខែកក្កដា ឆ្នាំ​២០២២ ដែលមាន​ការចូលរួម ចំនួន ២៣ ប្រទេស ក្រុមកីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​កម្ពុជា ទទួលបាន​មេដាយប្រាក់​២ និង​សំរឹទ្ធិ ២  ​កូនៗ​ត្រូវ​ចាំ​ថា គ្មាន​ក្រៅពី​ការទទួលយក​ការពិត​ទេ ខ្លួន​ខុស​ទទួលកំហុស និង​សុំទោស នោះ​ជាការ​ទទួលខុសត្រូវ ជា​ភាពជោគជ័យ សម្រាប់​កូនៗ នាពេល​អនាគត​។​

​លោក​អគ្គលេខាធិការ បានបញ្ជាក់​ថាៈ ក្រុម​សំដែង​ដែលមាន​គ្នា ៥ នាក់​នោះ ប្រជែង​បាន មេដាយប្រាក់​មួយ គ្រឿង​។ សមាជិក​ក្រុម​ទាំង​៥ រូប មានៈ ជឿន ចាន់​បូរី ហាស់ សុខ​ហ៊ កីឡាករ ង៉ែត តុលា កីឡាករ ត្រ​ន ប៊ុនធឿន និង កីឡាការិនី ម៉ូ ស្រី​ពៅ ។​

​ចំពោះ​វិញ្ញាសា​សម្ដែង ៣​នាក់ (Trio) ដែល​កម្ពុជា ដណ្ដើមបាន​មេដាយប្រាក់ មួយគ្រឿង​​ដែរនោះ មាន​កីឡាករ ហាស់ សុខ​ហ៊ កីឡាករ ត្រ​ន ប៊ុនធឿន និង កីឡាការិនី ម៉ូ ស្រី​ពៅ​។​

​វិញ្ញាសា​សម្ដែង​គូ (Mixed Pair) ដែលមាន កីឡាករ ហាស់ សុខ​ហ៊ និង​កីឡាការិនី ម៉ូ ស្រី​ពៅ​ ​ដណ្ដើមបាន​មេដាយសំរិទ្ធ ១​គ្រឿង ។ វិញ្ញាសា​សម្ដែង​ជា​ក្រុម ៥​នាក់ ក៏​ដណ្ដើមបាន​មេដាយ សំរិទ្ធ មួយគ្រឿង​ដែរ ដែល​ក្នុងនោះ មាន​កីឡាការិនី ឌឹ​ម អ៊​ន​ធិ​តា កីឡាការិនី ឈួន សុវណ្ណ បញ្ញា កីឡាការិនី សួស ស្រី​ពៅ កីឡាការិនី ណេ​ម សុខ​ហេង និង​កីឡាការិនី ស៊ីវ ចន្ថា ។ ចំពោះ វិញ្ញាសា​សម្ដែង​ជា​ឯកត្តជន​បុរស នារី មិនបាន​ទទួល​មេដាយ​ឡើយ ។ ដោយ​​ឡែក វិញ្ញាសា​ជា​ក្រុម ៣​នាក់ ដែលមាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី កីឡាការិនី ឈួន ស្រីនាថ និង​កីឡាការិនី ច្រឹង ចាន់​ត្រា បាន​ចំណាត់ថ្នាក់​លេខ​៤ ។​

​លោក ណ​យ ផា​ណា បានចាត់ទុក​ថាៈ នេះ​ជា​សមិទ្ធផល នៃ​ការខិតខំ​ប្រឹងប្រែង របស់​គ្រូ​​បង្វឹក គ្រូ​ជំនួយ កីឡាករ កីឡាការិនី ដើម្បី​បង្កើន​នូវ​សមត្ថភាព​បច្ចេកទេស ស្វែងរក​ឧត្តមភាព ជូន​ជាតិ​មាតុភូមិ នា​ឆ្នាំ​២០២៣ ខាងមុខនេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ។​

​លោក​ក៏បាន​អះអាង​ដែរ​ថាៈ អ្វីដែល​បានទទួល​នេះ គឺ​បាន​ដោយ​ការចង្អុលបង្ហាញ និង​ដាក់ ចេញ​នូវ ផែនការ​យុទ្ធសាស្ត្រ ច្បាស់លាស់​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​លោក​ឧកញ៉ា សុខ ហុង ដែលជា​អនុ ប្រធាន ទើប​ធ្វើ​ឲ្យ​ឆ្នាំ​២០២២ នេះ ជា​ឆ្នាំ​ជោគជ័យ នៃ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។​

​សូមបញ្ជាកថា កាល​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ កាលពី​ខែឧសភា កន្លងមក កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿង លើ​វិញ្ញាសា​ក្រុម​ទ្រី​យ៉ូ និង​គូ និង​មេដាយសំរិទ្ធ​១ លើ​វិញ្ញាសា​ឯកត្តជន​បុរស ៕/V​