​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​មុខ​វត្ត​កង​វ៉ា ស្ថិតក្នុង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ហើយ​ក៏បាន​បញ្ជូនទៅ​តុលាការខេត្ត នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នេះ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​ឱ្យដឹងថាៈ មុនពេល​បង្ក្រាប​ករណី​នេះ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ លោក​បាន ដឹកនាំ​កម្លាំង ១០​នាក់ រថយន្ត​២​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង ចុះ​ប្រតិបត្តិការ​រហូត ដល់​វេលា​ម៉ោង ១​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ក៏បាន​ប្រទះឃើញ​មនុស្ស​ប្រុស​ម្នាក់ គួរឱ្យ​សង្ស័យ ហើយ​កម្លាំង ក៏បាន​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​លើ​ខ្លួន​បុរស​នោះ រកឃើញ​គ្រឿងញៀន ប្រភេទ​ទឹកកក ចំនួន ៤ កូន​ថង់​កិប និង​សម្ភារៈ​មួយចំនួន​។ ក្រោយមក កម្លាំង​របស់លោក បាន​នាំខ្លួន ជនសង្ស័យ ឈ្មោះ ឈុន ប៊ុន​ឈុំ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង ដើម្បី​សាកសួរ​ចម្លើយ ។ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ បងធម៌​របស់ខ្លួន បាន​ប្រើ ឱ្យ​ខ្លួន ទាក់ទង​ទៅ​មនុស្ស ម្នាក់ទៀត ដើម្បី​យក​គ្រឿងញៀន​ពី​ខ្លួន ។​

​ដោយបាន​ចម្លើយ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានធ្វើ​ប្រតិបត្តិ​ការឃាត់ខ្លួន ជា​បន្តបន្ទាប់ នូវ​ជនសង្ស័យ ចំនួន​បីនាក់​បន្ថែមទៀត ព្រមទាំង​ដកហូត​គ្រឿងញៀន មួយចំនួន​បន្ថែមទៀត​ផង​។ សរុប​គ្រឿងញៀន មាន​ម្សៅ​ក្រាម ពណ៌​ស ចំនួន​៦​កូន​ថង់​កិប ស្មើនឹង​ទម្ងន់ ៣៦,១៣ ក្រាម ម៉ូតូ​ចំនួន​២​គ្រឿង កាំបិត​កែច្នៃ​១​ដើម និង​សម្ភារៈ​មួយចំនួនធំ ។

​ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​មាន​វត្ថុតាង ជនសង្ស័យ​ទាំង បួន​នាក់ ត្រូវបាន​កម្លាំង ជំនាញ​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង បញ្ជូនមក​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង គ្រឿងញៀន បាន​ប្រាប់​ឱ្យដឹងថាៈ ការបង្ក្រាប​ករណី​គ្រឿងញៀន ខាងលើនេះ ក៏​ទទួលបាន ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ផងដែរ ។ ដោយឡែក នៅ​ថ្ងៃទី​២៥ កក្កដា​នេះ សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ៕/V​